បាល់ទាត់អន្តរជាតិ
Eintracht Frankfurt ត្រៀមដាក់សំណើរខ្ចីជើង Hugo Ekitike

យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្លឹបយក្សបារាំង Paris Saint-Germain គឺកីឡាករ Hugo Ekitike កំពុងក្លាយជាគោលដៅនៃការចង់បានពីក្លឹបយក្សអាឡឺម៉ង់ Eintracht Frankfurt។ កីឡាករសញ្ជាតិបារាំងរូបនេះបច្ចុប្បន្នជាកម្មសិទ្ធរបស់ក្លឹប Reims និងខ្ចីជើងនៅ PSG រហូតដល់ចប់រដូវកាល។
កីឡាករវ័យ 20 ឆ្នាំរូបនេះបានមកដល់ទឹកដី Parc des Princes ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលដោយផ្ទេរពី Reims កាលពីរដូវកាលមុន ប៉ុន្តែបានស៊ូទ្រាំនឹងការលំបាកជាមួយនឹងការបង្ហាញសមត្ថភាពនៅលើទីលានដោយសារត្រូវប្រជែងកន្លែងលេងជាមួយ Lionel Messi, Kylian Mbappe និង Neymar Jr។
Ekitike រកបានគ្រាប់បាល់តែ 4 គ្រាប់ ប៉ុណ្ណោះពីការបង្ហាញខ្លួន 30 ប្រកួតក្រោមការដឹកនាំរបស់លោក Christophe Galtier នៅរដូវកាលនេះ។ កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានគេដឹងថា នឹងត្រឡប់ទៅ Reims វិញនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយយោងទៅតាមរបាយការណ៍ពី L’Equipe បានឲ្យដឹងថា ក្លឹប Frankfurt បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធកណ្ដាលរូបនេះ ជាមួយនឹងការខ្ចីជើង ដែលមានរួមបញ្ចូលនឹងលក្ខខណ្ឌទិញផ្ដាច់កុងត្រា។
ប្រភព: Sportsmole