បាល់ទាត់អន្តរជាតិ
Manchester City ទម្លាក់ Real Madrid ឡើងទៅជួប Inter Milan វគ្គផ្ដាច់ព្រ័ត UCL

ក្លឹបមេឃខៀវ Manchester City បានកក់កៅអីរបស់ពួកគេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ដោយទទួលបានជ័យជម្នះ 4-0 ទៅលើក្លឹបម្ចាស់ជើងឯកឆ្នាំមុន Real Madrid ក្នុងការប្រកួតជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរំលងអាធ្រាតយប់មិញនេះ។
កាលពីប្រកួតជើងទីមួយរវាង Manchester City និង Real Madrid បានបញ្ចប់ទៅដោយលទ្ធផលស្មើ 1-1 ដែលធ្វើឲ្យគ្រប់យ៉ាងនឹងត្រូវសម្រេចនៅការប្រកួតជើងទីពីរ។ ទម្រង់លេងដ៏ល្អមិននឹកស្មានដល់ Man City បានលុត Real Madrid រហូតដល់ 4 ទល់នឹង 0 ខណៈដែល Bernardo Silva ស៊ុតបញ្ចូលទី 2 គ្រាប់ម្នាក់ឯង រួមទាំងគ្រាប់បាល់ចូលទីខ្លួនឯងពី Eder Militao 1 គ្រាប់ និងគ្រាប់បាល់ចុងម៉ោងពី Julian Alvarez 1 គ្រាប់ទៀត ដែលសរុបទាំងពីរជើង 5-1។
យ៉ាងណាមិញក្រុមរបស់លោក Pep Guardiola កំពុងត្រូវបានគេមើលឃើញថា អាចមានឱកាសឈ្នះពានបីក្នុងរដូវកាលនេះ នឹងត្រូវជួបជាមួយក្លឹបមកពីអ៊ីតាលី Inter Milan នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត UEFA Champions League ក្នុងទីក្រុង Istanbul នៅថ្ងៃទី 11 ខែមិថុនា ខាងមុខ ដោយរយៈពេលនោះគឺមួយសប្តាហ៍បន្ទាប់ពីជួប Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup។
ប្រភព: Sportsmole