បាល់ទាត់អន្តរជាតិ
Liverpool កំពុងមានយុវជនឆ្នើមមួយរូប ដែលមានទេពកោសល្យដូច Messi

អតីតអ្នកចាំទីរបស់ក្លឹបហង្សក្រហម Liverpool និង Real Madrid លោក Jerzy Dudek ថ្មីៗនេះ បាននិយាយថា ហង្សក្រហមកំពុងមានកីឡាករឆ្នើមមួយរូបដែលមានទេពកោសល្យដ៏អស្ចារ្យ គឺជាកីឡាករវ័យក្មេងសញ្ជាតិប៉ូឡូញ Mateusz Musialowski។ លោក Jerzy Dudek ថែមទាំងបាននិយាយថា មើលខ្សែប្រយុទ្ធវ័យក្មេងរូបនេះលេង ធ្វើឲ្យគាត់នឹកឃើញដល់អតីតកាលដែល Lionel Messi នៅជាកីឡាករវ័យជំទង់។
Musialowski បច្ចុប្បន្នកំពុងលេងឲ្យក្រុមយុវជនអាយុក្រោម 21 ឆ្នាំរបស់ Liverpool និងបានបង្ហាញខ្លួនសរុប 18 ប្រកួត ក្នុងរដូវកាលនេះ។ និយាយអំពីយុវជនរូបនេះ លោក Jerzy Dudek ដែលជាជនរួមជាតិជាមួយគ្នាដែរនោះ បាននិយាយតាមរយៈ HITC ថា៖ “ខ្ញុំបានមើលគាត់ខ្លះៗនៅលើ YouTube។ គាត់ជាកីឡាករដ៏មានទេពកោសល្យម្នាក់ មានជំនាញខ្លាំង ដូច Messi កាលពីក្មេង”។
កីឡាករវ័យ 19 ឆ្នាំ Musialowski លេងក្នុងតួនាទីជាខ្សែប្រយុទ្ធស្លាបឆ្វេង ប៉ុន្តែក៏អាចលេងក្នុងតំបន់ប្រយុទ្ធកណ្ដាលបានផងដែរ។ គាត់ក៏ជាកីឡាករដ៏សំខាន់ដែលលេងក្នុងក្រុមយុវជនអាយុក្រោម 21 ឆ្នាំរបស់ប៉ូឡូញ ដោយបង្ហាញខ្លួនបានចំនួន 5 ប្រកួតមកហើយ និងស៊ុតបញ្ចូលទីបានមួយគ្រាប់ក្នុងការបង្ហាញទាំង 5 ដងនោះ។
ប្រភព: Sportskeeda