បាល់ទាត់អន្តរជាតិ
Pep Guardiola ប្រាប់មូលហេតុដែល Arsenal របូតពាន Premier League ពីក្នុងដៃ

គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានលើកឡើងថា Arsenal នឹងមិនអាចឈ្នះពាន Premier League ឆ្នាំនេះទេ ដោយសារពួកគេមិនបានរក្សាទម្រង់លេងឲ្យល្អ ដូចពីដើមរដូវកាលរបស់ខ្លួន។ ដោយឡែក Man City នឹងឈ្នះពានលីគនៅថ្ងៃអាទិត្យនេះ ប្រសិនបើពួកគេអាចប្រកួតឈ្នះក្រុមភ្ញៀវ Chelsea។
ទោះបីជាយ៉ាងណាក៏ដោយ កន្លងមកគិតត្រឹមខែមីនា ក្លឹបកាំភ្លើងធំ Arsenal នៅតែជាក្រុមកំពូលតារាង ដោយដាច់ 8 ពិន្ទុពី Man City។ ក្នុងអំឡុងពេលនោះគ្រប់គ្នាមើលឃើញថា Arsenal នឹងឈ្នះពាន Premier League ហើយក្រុមរបស់លោក Pep Guardiola នឹងមិនអាចតាមទាន់ពិន្ទុរបស់គេឡើយ។ យ៉ាងណាអ្វីៗបានប្រែប្រួល នៅពេលការប្រកួតបិទរដូវកាលជិតបញ្ចប់ ដោយ Man City ហក់ទៅឈរនៅកំពូលតារាងវិញ ហើយ Arsenal ជាក្រុមលេខពីរដេញតាមពិន្ទុគេពីក្រោយ។
ថ្មីៗនេះគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Pep Guardiola បាននិយាយថា៖ “ដើម្បីទទួលបាន 8 ពិន្ទុ តាមទាន់ Arsenal យើងមានមួយប្រកួតចំណេញនៅក្នុងដៃ។ ដំបូងឡើយ គឺពិបាកបន្តិច ប៉ុន្តែយើងដឹងថា យើងត្រូវតែឈ្នះគ្រប់ការប្រកួតទាំងអស់។ ប្រសិនបើ Arsenal បានរក្សាទម្រង់លេងដូចនៅដើមរដូវកាលរបស់ពួកគេ យើងនឹងមិនធ្វើដូចពេលនេះបានឡើយ”។
ប្រភព: Dailypost