បាល់ទាត់អន្តរជាតិ
Mbappe ប្រាប់មូលហេតុដែលគាត់តែងតែចាត់ទុកខ្លួនឯង ជាកីឡាករល្អបំផុត

តារាឆ្នើម Kylian Mbappe បានបង្ហាញចេតនារបស់គាត់ក្នុងការឡើងជំនួសតំណែងរបស់ Lionel Messi និង Cristiano Ronaldo ដោយលើកឡើងថា គាត់គឺជាកីឡាករបាល់ទាត់ល្អបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ កន្លងមកកីឡាករឆ្នើមសញ្ជាតិបារាំងរូបនេះ ត្រូវបានមនុស្សជាច្រើនរំពឹងថានឹងស្នងមរតកដ៏អស្ចារ្យរបស់ Messi និង Cristiano Ronaldo ដែលជាអ្នកធ្លាប់ឈ្នះ Ballon d’Ors សរុបចូលគ្នារហូតដល់ 12 ដង។
ទោះជាយ៉ាងណាក៏ដោយ ក្នុងជំនាន់របស់ Mbappe មិនមែនមានតែគាត់ម្នាក់នោះទេ ដែលជាកីឡាករលេចធ្លោរបំផុត ខណៈដែល Erling Haaland និង Vinicius Jr ក៏ត្រូវបានគេសន្និដ្ឋានថាជា “កីឡាករល្អបំផុត” នៅពេលអនាគតដែរ។ យ៉ាងណាក៏ដោយ កីឡាកររបស់ក្លឹបយក្ស PSG រូបនេះបានបង្ហាញភាពជឿជាក់ថា គាត់នឹងមិនមែនជាកីឡាករដែលឈរនៅពីក្រោយកីឡាករណាម្នាក់ផ្សេងទៀតឡើយ។
យោងតាមសម្ដីរបស់ Kylian Mbappe ដែលបាននិយាយទៅកាន់ El Futbolero បានលើកឡើងថា៖ “នៅក្នុងការគិតរបស់ខ្ញុំ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំជាកីឡាករល្អបំផុត ព្រោះវិធីនេះ គឺបង្ហាញពីភាពគ្មានដែនកំណត់លើខ្លួនឯង ហើយធ្វើឲ្យយើងព្យាយាមកែលម្អសមត្ថភាពឲ្យល្អបំផុតផងដែរ។… អ្នករស់នៅជាមួយខ្លួនឯង ដូច្នេះអ្នកត្រូវតែបញ្ចុះបញ្ចូលខ្លួនអ្នកថា អ្នកអាចធ្វើរឿងដ៏អស្ចារ្យបាន”។
ប្រភព: Sportsbrief