បាល់ទាត់អន្តរជាតិ
Man City នឹងលក់ Joao Cancelo ទៅឲ្យ Barcelona ក្នុងតម្លៃ 40 លានអឺរ៉ូ

ក្លឹបម្ចាស់ជើងឯកលីគកំពូលរបស់អង់គ្លេស Manchester City ត្រូវបានគេរាយការណ៍ថា ត្រៀមខ្លួនរួចជាស្រេចក្នុងការលក់ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Joao Cancelo ក្នុងតម្លៃ 40 លានអឺរ៉ូ (35 លានផោន) ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករបើកឡើងវិញនារដូវក្តៅខាងមុខនេះ។
យ៉ាងណាមិញកីឡាករវ័យ 29 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Bayern Munich ក្នុងលក្ខខ័ណ្ឌខ្ចីជើង កាលពីខែមករា ហើយគិតចាប់តាំងពីពេលនោះមក គាត់បានបង្ហាញខ្លួនចំនួន 21 ប្រកួតសម្រាប់ក្លឹបម្ចាស់ជើងឯក Bundesliga ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 6 ដង។
ការខ្ចីជើងខ្សែការពារស្លាបរូបនេះ Bayern Munich មានជម្រើសក្នុងការទិញផ្ដាច់កុងត្រារបស់គាត់នៅរដូវក្តៅនេះជាមួយនឹងតម្លៃ 70 លានអឺរ៉ូ (61.5 លានផោន) ប៉ុន្តែក្លឹបអាឡឺម៉ង់ត្រូវបានគេដឹងថា នឹងមិនចំណាយប្រាក់ដ៏ច្រើនបែបនេះឡើយ ហើយ Cancelo ត្រូវដោះលែងឲ្យត្រឡប់ទៅ Man City វិញ។
បច្ចុប្បន្ន Barcelona គឺជាក្លឹបដែលត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរ Joao Cancelo ហើយក៏កំពុងចរចាសុំឲ្យ Man City លក់កីឡាករឆ្នើមរូបនេះទៅឲ្យពួកគេផងដែរ។ យោងតាមរបាយការណ៍ចុងក្រោយមួយពី SPORT បានឲ្យដឹងថា Man City នឹងយល់ព្រមទទួលយកទឹកប្រាក់ 40 លានអឺរ៉ូ (35 លានផោន) ដែលជាតម្លៃស្នើសុំពីក្លឹបម្ចាស់ជើងឯកអេស្ប៉ាញ Barcelona។
ប្រភព: Sportsmole