បាល់ទាត់អន្តរជាតិ
Benzema នឹងទទួលបានប្រាក់ 200 លានអឺរ៉ូ ប្រសិនបើគាត់សម្រេចចិត្តចាកចេញពី Real Madrid

តារាឆ្នើម Karim Benzema ដែលជាខ្សែប្រយុទ្ធរបស់ក្លឹបអធិរាជស Real Madrid អាចនឹងសម្រេចចិត្តចូលរួមជាមួយក្លឹប Al-Ittihad របស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីមានការផ្ដល់ជូននូវសំណើរជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានគេដឹងថា ធ្លាប់បានបដិសេធនូវសំណើរពីក្លឹបអារ៉ាប៊ីសាអូឌីតម្ដងរួចមកហើយ ប៉ុន្តែការដាក់សំណើរលើកនេះមានទឹកប្រាក់ច្រើនជាងសំណើរមុន។
យ៉ាងណាមិញរបាយការណ៍ពីលោក Rudy Galletti បានអះអាងថា Karim Benzema ជិតនឹងឈានដល់ចំណុចបញ្ចប់នៃការផ្ទេរទៅចូលរួមជាមួយក្លឹបយក្សនៅអារ៉ាប៊ីសាអូឌីតហើយ ដោយពួកគេនឹងចុះកុងត្រាជាមួយគាត់ក្នុងរង្វង់ទឹកប្រាក់ប្រមាណជា 200 លានអឺរ៉ូ សម្រាប់ពីររដូវកាល ហើយការផ្ដល់ជូននេះ គឺនឹងធ្វើឲ្យកីឡាករវ័យ 35 ឆ្នាំរូបនេះពិបាកនឹងបដិសេធបំផុត។
ទោះជាយ៉ាងណាក៏ដោយ Karim Benzema មិនមែនជាខ្សែប្រយុទ្ធដែលធ្លាក់ជើងទៅតាមវ័យរបស់គាត់ឡើយ ហើយកីឡាកររូបនេះនៅតែមានទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ(2022-2023)។ ទោះបីជាគាត់ប្រឈមនឹងបញ្ហារបួសមួយចំនួនក៏ដោយ គាត់នៅអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន 30 គ្រាប់ និង Assists 6 ដង ក្នុងការបង្ហាញខ្លួន 42 ប្រកួតសម្រាប់ Real Madrid។
ប្រភព: Dailypost NG