បាល់ទាត់អន្តរជាតិ
មន្ត្រីផ្នែកកីឡារបស់អារ៉ាប៊ីសាអូឌីតអះអាងថា Messi និង Benzema ត្រៀមផ្ទេរទៅប្រទេសរបស់ពួកគេហើយ

រដ្ឋមន្ត្រីនៃក្រសួងផ្នែកកីឡារបស់អារ៉ាប៊ីសាអូឌីត លោក Abdulaziz Al-Faisal បាននិយាយថា ក្លឹបអារ៉ាប៊ីសាអូឌីតកំពុងដំណើរការ ដើម្បីចុះហត្ថលេខាលើ Lionel Messi របស់ Paris Saint-Germain និង Karim Benzema របស់ Real Madrid ហើយ។ យ៉ាងណាមិញ Messi កំពុងផ្សារភ្ជាប់ជាមួយនឹង Al Hilal ហើយ Benzema ត្រូវបានផ្សារភ្ជាប់ជាមួយ Al Ittihad។
ទាំង Lionel Messi និង Karim Benzema សុទ្ធតែក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននាចុងបញ្ចប់នៃរដូវកាលនេះ។ ដោយឡែកប្រសិនបើអ្នកទាំងពីរពិតជាចូលរួមជាមួយនឹងក្លឹបនៅអារ៉ាប៊ីសាអូឌីត នោះនឹងក្លាយជារឿងដ៏អស្ចារ្យមិននឹកស្មានដល់ ខណៈដែល Cristiano Ronaldo ក៏កំពុងប្រកបអាជីពនៅទីនោះដែរ។
ពេលនេះយោងតាមអ្វីដែលបានអះអាងដោយលោក Abdulaziz Al-Faisal បានឲ្យដឹងថា អ្វីៗបានសម្រេចអស់ហើយ ដោយគ្រាន់តែរង់ចាំសេចក្តីថ្លែងការណ៍ប្រកាសផ្លូវការពីក្លឹបអារ៉ាប៊ីសាអូឌីតទៅកាន់អ្នកគាំទ្រប៉ុណ្ណោះ។ យោងតាមសម្ដីលោក Al-Faisal ដែលដកស្រង់ដោយ The Madrid Zone បានបញ្ជាក់ថា៖ “Benzema និង Messi ផ្ទេរទៅអារ៉ាប៊ីសាអូឌីត? ពិតណាស់! រង់ចាំតែការប្រកាសជាផ្លូវការពីក្លឹបប៉ុណ្ណោះ។ ក្លឹបនឹងប្រកាសរឿងនេះ តាមពេលកំណត់”។
ប្រភព: Dailypost NG