បាល់ទាត់អន្តរជាតិ
Xavi បញ្ជាក់ថា Barcelona ពិតជាចង់ចុះហត្ថលេខាលើ Kimmich ពិតមែន

គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez បានបញ្ជាក់ថា ក្លឹបរបស់គាត់ពិតជាបានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លឹប Bayern Munich គឺកីឡាករ Joshua Kimmich ពិតមែន នៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
ជាការពិតណាស់ បច្ចុប្បន្នក្លឹបយក្សកាតាឡាន់ កំពុងត្រៀមលូកដៃចូលក្នុងទីផ្សារដោះដូរកីឡាករនាចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីស្វែងរកបេក្ខភាពកីឡាករចំណូលថ្មីដើម្បីមកជំនួសកន្លែងរបស់ Sergio Busquets ដែលទើបនឹងបានប្រកាសចាកចេញកាលពីប៉ុន្មានសប្ដាហ៍មុន នៅពេលកុងត្រាផុតកំណត់។
Barcelona ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរខ្សែបម្រើកណ្ដាលជាច្រើន ជាពិសេស Joshua Kimmich។ ទន្ទឹមនឹងនេះដែរ អនាគតរបស់ Kimmich ក៏ត្រូវបានមជ្ឃដ្ឋានបាល់ទាត់មានការសង្ស័យថា គាត់អាចនឹងចាកចេញពីទឹកដីអាឡឺម៉ង់។ Barcelona និង Manchester City ត្រូវបានគេដឹងថា កំពុងតាមដានយ៉ាងជិតស្និទ្ធលើស្ថានភាពរបស់គាត់នៅក្លឹបបច្ចុប្បន្ន Bayern Munich។
កន្លងមកគ្រាន់តែសង្ស័យប៉ុណ្ណោះថា Barcelona ចាប់អារម្មណ៍ក្នុងការផ្ទេរ Kimmich ប៉ុន្តែថ្មីៗនេះ Xavi បានបង្ហើបច្បាស់ហើយថា Barcelona ពិតជាចង់នាំយកកីឡាករវ័យ 28 ឆ្នាំ មកទឹកដី Camp Nou ពិតមែន។ Xavi បានប្រាប់ទៅកាន់ Mundo Deportivo ថា៖ “គាត់ (Kimmich) គឺជាកីឡាករកំពូលម្នាក់ ដែលយល់ពីការប្រកួតក្នុងពានរង្វាន់ធំៗ។ ប្រសិនបើមានការបើកចំហរសម្រាប់គាត់ យើងនឹងមានការចរចារជាមួយ Bayern Munich អំពីរឿងនេះ”។
ប្រភព: Sportsmole