បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Real Madrid ប្រកាសពីការចាកចេញរបស់ Eden Hazard នៅចុងខែនេះ

ម្ចាស់អាវលេខ 7 Eden Hazard បានចូលរួមជាមួយក្លឹបអធិរាជស Real Madrid ដោយផ្ទេរពីតោខៀវ Chelsea នៅរដូវក្តៅឆ្នាំ 2019 ដោយបានចុះហត្ថលេខាលើកុងត្រារយៈពេល 5 ឆ្នាំ ដែលមានតម្លៃផ្ទេរប្រហែលជា 100 លានអឺរ៉ូ (83.1 លានផោន)។ យ៉ាងណា កីឡាករសញ្ជាតិបែលហ្សិករូបនេះបានជួបបញ្ហារបួស និងទម្រង់លេងមិនសូវល្អឡើយ ក្នុងរយៈពេល 4 ឆ្នាំមកនេះ។
ខ្សែប្រយុទ្ធស្លាបរូបនេះ នៅសល់កុងត្រាមួយឆ្នាំទៀតជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែជាលទ្ធផលកាលពីប៉ុន្មានម៉ោងមុននេះ Real Madrid បានបញ្ជាក់ថា គាត់នឹងត្រូវចាកចេញមុនកំណត់ ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួននៅចុងខែនេះ ដែលជាការបញ្ចប់កុងត្រាដោយមានការព្រមព្រៀងគ្នាទៅវិញទៅមករវាងក្លឹប និងកីឡាករ។
ជំហានបន្ទាប់របស់ Eden Hazard មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែប្រហែលជាគាត់នឹងមិនអាចបង្ហាញខ្លួនក្នុងលីគកំពូលធំៗនៅតំបន់អឺរ៉ុបបន្តទៀតនោះឡើយ បើផ្អែកតាមទម្រង់លេងបច្ចុប្បន្នរបស់គាត់។ Hazard អាចនឹងស្វែងរកក្លឹបថ្មីណាមួយ រឺចូលនិវត្តន៍ ពីអាជីពបាល់ទាត់ឆាប់ៗនេះ។
ប្រភព: Fabrizio Romano