បាល់ទាត់អន្តរជាតិ
Harry Kane កំពុងក្លាយជាបេក្ខភាពដែល Real Madrid ចង់បានមកជំនួស Benzema

យោងតាមរបាយការណ៍ចុងក្រោយមួយដែលរាយការណ៍ដោយ Marca បានឲ្យដឹងថា Harry Kane គឺជាជម្រើសដំបូងបង្អស់សម្រាប់ក្លឹបអធិរាជស Real Madrid ដែលពួកគេចង់ចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ដើម្បីមកជំនួសកន្លែងរបស់ Karim Benzema។
យ៉ាងណាមិញ នៅថ្ងៃនេះ ខ្សែប្រយុទ្ធឆ្នើម Karim Benzema ត្រូវបានក្លឹបរបស់ខ្លួនប្រកាសជាផ្លូវការណ៍ហើយថា គេនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ ទន្ទឹមនឹងនេះដែរ ច្បាស់ណាស់ថា Real Madrid ចាំបាច់ត្រូវតែនាំយកខ្សែប្រយុទ្ធដែលមានគុណភាពម្នាក់ ដើម្បីមកលេងនៅកន្លែងរបស់ Benzema។
Real Madrid តែងតែសម្លឹងមើលកីឡាករដែលមានទេពកោសល្យរបស់ Tottenham Hotspur ខណៈដែលកន្លងមកពួកគេធ្លាប់បានជោគជ័យជាមួយនឹងការចុះហត្ថលេខាលើ Luka Modric និង Gareth Bale។ ដូចគ្នានេះដែរ ក្លឹបយក្សអេស្ប៉ាញ កំពុងត្រៀមចរចាផ្ទេរ Harry Kane ហើយគេរំពឹងថា កីឡាកររូបនេះនឹងក្លាយជាបេក្ខភាពដ៏សាកសមបំផុតសម្រាប់ជំនួស Karim Benzema ហើយក៏អាចជោគជ័យដូចការផ្ទេរ Luka Modric និង Gareth Bale ដែរ។
ប្រភព: Tribuna