បាល់ទាត់អន្តរជាតិ
Xavi ច្រានចោលពាក្យចចាមអារ៉ាមពីការផ្ទេរ Frenkie de Jong ហើយនិយាយថា ខ្សែបម្រើរូបនេះគឺអនាគតរបស់ Barcelona

អ្នកចាត់ការទូទៅរបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez បានច្រានចោលការអះអាងមួយថា Frenkie de Jong នឹងចាកចេញនៅរដូវក្តៅនេះ ដើម្បីទៅកាន់ទឹកដីអង់គ្លេស និងជួបជុំជាមួយអតីតគ្រូបង្វឹករបស់ខ្លួន Erik ten Hag នៅបិសាចក្រហមវិញ។
Xavi Hernandez មិនត្រឹមតែច្រានចោលពាក្យចចាមអារ៉ាមទាំងនោះប៉ុណ្ណោះទេ តែលោកថែមទាំងបញ្ជាក់យ៉ាងច្បាស់ថា ខ្សែបម្រើ Frenkie de Jong គឺជាកីឡាករដ៏សំខាន់ និងជាអនាគតដ៏ត្រជះត្រចង់របស់ក្លឹប FC Barcelona ផងដែរ។
ខ្សែបម្រើឆ្នើម Frenkie de Jong ត្រូវបានផ្សារភ្ជាប់ជាមួយនឹងផ្ទេរទៅកាន់ក្លឹបបិសាចក្រហម Manchester United កាលពីពេលថ្មីៗនេះ បន្ទាប់ពីការប្រកាសនូវបេក្ខភាពអ្នកចាត់ការថ្មីលោក Erik ten Hag របស់ក្លឹបបិសាចក្រហម ដែលជាអតីតគ្រូបង្វឹកចាស់របស់ Frenkie de Jong កាលពីនៅ Ajax។
Xavi បាននិយាយថា “Frenkie de Jong គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ សម្រាប់ក្លឹប និងសម្រាប់ក្រុមទាំងមូល។ គាត់ គឺជាកីឡាករបាល់ទាត់នៃប្រវត្តិសាស្ត្ររបស់ក្លឹបនៅសម័យនេះ ជាមួយនឹងគុណភាព និងបុគ្គលិកលក្ខណៈដ៏ល្អរបស់គាត់”។ (នេះបើយោងតាមការចុះផ្សាយពី Mundo Deportivo)
គួររំលឹកផងដែរថា Frenkie de Jong គឺជាខ្សែបម្រើ ដែលបានឆ្លងកាត់ការដឹកនាំរបស់លោក Ten Hag ជាមួយនឹងការលើកពានពីរបីឆ្នាំនៅ Ajax មុនពេលផ្លាស់ទៅលេងនៅ Barcelona ក្នុងតម្លៃផ្ទេរ 75 លានផោន។
ប្រភព: 90 Min