បាល់ទាត់អន្តរជាតិ
Pierre Aubameyang កំពុងចរចាផ្ទេរទៅលេងនៅអារ៉ាប៊ីសាអូឌីត

យោងតាមរបាយការណ៍ចុងក្រោយមួយពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹប Al Ahli និង Al Shabab បានទៅជួបខ្សែប្រយុទ្ធ Pierre Aubameyang ដោយផ្ទាល់ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការផ្ទេរទៅកាន់ក្លឹបរបស់ពួកគេ ក្នុងលីគកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
យ៉ាងណាមិញកាលពីខែកុម្ភៈកន្លងទៅ Pierre Aubameyang បានបដិសេធការចង់បានពីក្លឹប Los Angeles FC ដែលស្ថិតនៅក្នុងលីគ MLS របស់អាមេរិច ដោយសារតែពេលនោះគាត់ ចង់បន្តលេងនៅក្នុងបាល់ទាត់អាជីពរបស់លីគកំពូលក្នុងតំបន់អឺរ៉ុប។ ដោយឡែក គ្មានការសង្ស័យទៀតឡើយ ដែល Aubameyang ប្រាកដជានឹងចាកចេញពីក្លឹបតោខៀវ Chelsea នៅពេលឆាប់ៗខាងមុខនេះ។
គួររំលឹកផងដែរថា នៅថ្ងៃទី 2 ខែកញ្ញា ឆ្នាំ 2022 ក្លឹបតោខៀវ Chelsea បានចុះហត្ថលេខាលើ Aubameyang ជាមួយនឹងកុងត្រារយៈពេល 2 ឆ្នាំ ដោយផ្ទេរពី Barcelona ក្នុងតម្លៃ 12 លានអឺរ៉ូ (10.3 លានផោន)។ ជាមួយតោខៀវ ទម្រង់លេងរបស់ Aubameyang មិនល្អដូចពេលដែលគាត់លេងជាមួយក្លឹបយក្សកាតាឡាន់ឡើយ។ គាត់បានបង្ហាញខ្លួននៅក្នុងការប្រកួតលីគត្រឹមតែ 21 ប្រកួតប៉ុណ្ណោះ ដែលភាគច្រើនជាកីឡាករបម្រុង និងស៊ុតបញ្ចូលទីបាន 3 គ្រាប់។
ប្រភព: Fabrizio Romano