បាល់ទាត់អន្តរជាតិ
Eden Hazard ប្រាប់មិត្តរួមសញ្ជាតិរបស់ខ្លួនមួយរូបឲ្យផ្ទេរទៅចូលរួមជាមួយតោខៀវ Chelsea

អតីតវីរបុរសឆ្នើមរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Eden Hazard បានប្រាប់ខ្សែបម្រើក្លឹប Southampton ដែលមានវ័យ 19 ឆ្នាំ Romeo Lavia ឲ្យផ្លាស់ទៅ Stamford Bridge។ យ៉ាងណាមិញតោខៀវ Chelsea នៅតែបន្តចំណាប់អារម្មណ៍របស់ពួកគេលើ Romeo Lavia ក៏ដូចជា Moises Caicedo របស់ Brighton បន្ទាប់ពីខកខានលើគោលដៅផ្ទេរ Manuel Ugarte ដែលត្រូវ Paris Saint-Germain ឆក់យកបាត់។
គេបានដឹងថា កាលពីចុងរដូវក្ដៅឆ្នាំមុន ម្ចាស់ក្លឹបតោខៀវ Chelsea លោក Todd Boehly បានដាក់ដេញថ្លៃជាទឹកប្រាក់ 50 លានផោន សម្រាប់ផ្ទេរ Romeo Lavia ប៉ុន្តែក្លឹបរបស់គេ Southampton បានច្រានចោលសំណើរនោះភ្លាមៗ ខណៈដែលពួកគេទើបតែបាននាំយកគាត់មកពី Manchester City មិនទាន់ដល់ពីរខែផង។
ទោះជាយ៉ាងណាក៏ដោយ Romeo Lavia ត្រូវបានគេរាយការណ៍ថា នឹងលក់ចេញនៅមុនរដូវកាលក្រោយ បន្ទាប់ពីក្លឹបបច្ចុប្បន្នរបស់គាត់ត្រូវកាត់ចេញពី Premier League។ យោងទៅតាមរបាយការណ៍ពី Express បានឲ្យដឹងថា Southampton ចង់បានយ៉ាងហោចណាស់ 45 លាន សម្រាប់ Romeo Lavia ខណៈដែល Hazard ដែលជាអតីតខ្សែប្រយុទ្ធស្លាបរបស់ Chelsea ក៏បានប្រាប់ទៅកាន់មិត្តរួមសញ្ជាតិបែលហ្ស៊ិករបស់គាត់ផងដែរ អំពីគុណសម្បត្តិដែលគេគួរតែផ្ទេរទៅ Stamford Bridge។
ប្រភព: Dailypost NG