បាល់ទាត់អន្តរជាតិ
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ

តារាឆ្នើម Lionel Messi បានបង្ហើបឲ្យដឹងថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់មានវត្តមាន រឺត្រឡប់មកក្លឹបចាស់របស់ខ្លួនវិញឡើយ។ កីឡាករអាហ្សង់ទីន Lionel Messi បានដឹងរឿងនេះ ដោយសារគ្រូបង្វឹករបស់ក្លឹបលោក Xavi Hernandez បានប្រាប់ទៅកាន់គាត់។
យ៉ាងណាមិញពេលនេះ Messi បានចូលរួមជាមួយក្លឹប Inter Miami ដែលស្ថិតនៅលីគ MLS របស់អាមេរិចហើយ បន្ទាប់ពីកុងត្រារបស់គាត់ជាមួយ Paris Saint-Germain ផុតកំណត់នៅថ្ងៃទី 30 ខែមិថុនា នេះ។ ខ្សែប្រយុទ្ធវ័យ 35 ឆ្នាំរូបនេះ ដំបូងឡើយហាក់ដូចជាមានតម្រុយច្បាស់លាស់ក្នុងការចូលរួមជាមួយ Barcelona ដែលជាក្លឹបចាស់របស់ខ្លួនវិញ ប៉ុន្តែគ្រប់យ៉ាងត្រូវបរាជ័យ។
Messi បាននិយាយកាលពីម្សិលមិញក្នុងអំឡុងពេលសម្ភាសន៍ជាមួយ Mundo Deportivo ថា៖ “និយាយដោយស្មោះត្រង់ ខ្ញុំមិនប្រាកដថា Barcelona បានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការវិលត្រឡប់របស់ខ្ញុំរឺអត់ទេ។ ខ្ញុំគ្រាន់តែដឹងពីអ្វីដែល Xavi ប្រាប់ខ្ញុំ។ ខ្ញុំប្រាកដថា មានមនុស្សមួយចំនួននៅក្នុងក្លឹប មិនចង់ឲ្យខ្ញុំត្រឡប់ទៅ Camp Nou វិញដោយគិតថា ជារឿងអវិជ្ជមានសម្រាប់ក្លឹប”។
ប្រភព: Dailypost NG