បាល់ទាត់អន្តរជាតិ
Inter Milan ប្រាប់លក្ខខណ្ឌ 2 ដល់តោខៀវ Chelsea ដែលអាចផ្ទេរ Andre Onana បាន

ក្រោយពីមានការចាប់អារម្មណ៍ខ្លាំងលើ Andre Onana ពេលនេះក្លឹបយក្សអ៊ីតាលី Inter Milan ត្រូវបានគេរាយការណ៍ថា សុខចិត្តលក់អ្នកចាំទីរបស់ពួកគេទៅឲ្យ Chelsea ប្រសិនបើតោខៀវព្រមបន្តឲ្យពួកគេខ្ចីជើងខ្សែប្រយុទ្ធ Romelu Lukaku និងផ្ដល់ខ្សែការពារ Kalidou Koulibaly ឲ្យត្រឡប់មកទឹកដីអ៊ីតាលីវិញ។
តោខៀវ Chelsea បានព្យាយាមក្នុងការចុះហត្ថលេខាលើ Onana ខណៈដែលពួកគេហាក់ដូចជាបាត់បង់ជំនឿចិត្តលើ Edouard Mendy និង Kepa Arrizabalaga ដែលកំពុងមានទម្រង់លេងធ្លាក់ចុះជាខ្លាំង។ អ្នកចាំទីទាំងពីររូបនេះ បានបរាជ័យក្នុងការបង្ហាញសមត្ថភាពនៅរដូវកាល 2022/2023 ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ។
ស្របពេលជាមួយគ្នានេះដែរ Onana បានក្លាយជាផ្នែកមួយដ៏សំខាន់របស់ Inter Milan ដែលជួយក្លឹបឲ្យឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ហើយត្រូវជួបជាមួយ Manchester City នៅប៉ុន្មានថ្ងៃខាងមុខនេះ។ តោខៀវ Chelsea ត្រូវបានគេដឹងថា បានបញ្ចុះបញ្ចូល Inter Milan ឲ្យលក់កីឡាករសញ្ជាតិកាមេរូនរូបនេះមកឲ្យពួកគេនៅរដូវក្ដៅនេះ។ យ៉ាងណា យោងតាមគេហទំព័រ Repubblica របស់អ៊ីតាលីបានឲ្យដឹងថា Inter Milan នឹងអនុញ្ញាតឲ្យកិច្ចព្រមព្រៀងនេះកើតឡើងបាន ប្រសិនបើពួកគេទទួលបាន Koulibaly ត្រឡប់មកវិញ និងអាចបន្តការខ្ចីជើង Lukaku មួយរដូវកាលទៀត។
ប្រភព: Dailypost NG