Connect with us

បាល់ទាត់អន្តរជាតិ

តើ Arsenal នឹង​ប្រើប្រាស់​ទម្រង់​លេង​បែប​ណា បន្ទាប់​ពី​ទទួល​បាន​កីឡាករ​ចំណូល​ថ្មី Kai Havertz និង Declan Rice?

Published

on

ក្លឹប​កាំភ្លើងធំ Arsenal បាន​រីករាយ​នឹង​រដូវកាល​មុន (2022-2023) ជា​មួយ​នឹង​ទម្រង់​លេង​ដ៏ល្អ​ឥតខ្ចោះ​ក្រោម​ការ​ដឹកនាំ​របស់​លោក Mikel Arteta។ ថ្វីត្បិត​តែ​មិន​អាច​ប្រជែង​យក​ពាន​លីគ​ពី Man City បាន ប៉ុន្តែ​ពួក​គេ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ 2 នៅ PL ដោយ​ចាញ់​ពិន្ទុ​ពី​ក្រុម​ម្ចាស់​ជើង​ឯក​ត្រឹមតែ 5 ពិន្ទុ​ប៉ុណ្ណោះ។

បច្ចុប្បន្ន Arsenal កំពុង​ធ្វើ​ការ​យ៉ាង​ខ្លាំង ដើម្បី​នាំ​យក​កីឡាករ​ចំណូល​ថ្មី សម្រាប់​ពង្រឹង​ក្រុម​របស់​ខ្លួន​បន្ថែម​ទៀត និង​មាន​ឱកាស​អាច​ឆក់​យក​ពាន​ Premier League នៅ​រដូវ​កាល​ក្រោយ។ ពួក​គេ​ទើប​នឹង​បាន​ចាយ​លុយ 65 លាន​ផោន​លើ​ការ​ផ្ទេរ Kai Havertz ពី Chelsea និង​ចរចា​បញ្ចប់​ការ​ផ្ទេរ Declan Rice ក្នុង​តម្លៃ​លើស​ពី 100 លានផោន​ផង​ដែរ។ ស្រប​ពេល​ដែល​មាន​កីឡាករ​ចំណូល​ថ្មី​ដ៏​មាន​ទេពកោលស្យ និង​កីឡាករ​មាន​ស្រាប់​របស់​ខ្លួន​ជា​ច្រើន​នោះ តើ​ពួក​គេ​នឹង​ប្រាស់​ទម្រង់​លេង​បែប​ណា?

សម្រាប់​បេក្ខភាព​អ្នក​ចាំទី Aaron Ramsdale នៅ​តែ​ជា​ជម្រើស 11 នាក់​ដំបូង​របស់ Arsenal ដដែល ហើយ​ខ្សែការពារ​ស្ដាំ ពួក​គេ​នឹង​ប្រើប្រាស់ Ben White ដែល​ជា​អតីត​កីឡាករ​របស់​ក្លឹប Brighton។ ដោយ​ឡែក​កាល​ពី​រដូវកាល​មុន William Saliba បាន​ក្លាយ​ជា​ខ្សែការពារ​ល្អ​បំផុត​ម្នាក់​នៅ Premier League ហើយ​ប្រាកដ​ណាស់​ថា កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​នឹង​លេង​ជា​ជម្រើស​ដំបូង​ដដែល។

ខ្សែការពារ​កណ្ដាល​ម្នាក់​ទៀត​គឺ Julian Timber ដែល Arsenal កំពុង​ពិភាក្សា​ជាមួយ Ajax លើ​ការ​ផ្ទេរ​ដែល​នឹង​កើត​ឡើង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ Oleksandr Zinchenko ដែល​ជា​អតីត​កីឡាករ​របស់ Manchester City នៅ​តែ​ជា​ជម្រើស​ខ្សែការពារ​ឆ្វេង ខណៈ​ដែល Kieran Tierney នឹង​ក្លាយ​ជា​ជម្រើស​ទីពីរ។

Declan Rice ដែល​ជា​កីឡាករ​ចំណូល​ថ្មី នឹង​លេង​ជា​ខ្សែបម្រើ​កណ្ដាល ចាប់​ដៃ​គូ​គ្នា​ជាមួយ Martin Odegaard ហើយ Kai Havertz នឹង​លេង​ជា​ខ្សែបម្រើ​ប្រយុទ្ធ សម្រាប់​ជា​ជំនួយ​ដល់​ខ្សែ​ប្រយុទ្ធ​បី​រូប​ខាង​លើ​ដោយ​មាន Gabriel Martinelli ជា​ប្រយុទ្ធ​ស្លាប​ឆ្វេង, Bukayo Saka ប្រយុទ្ធ​ស្លាប​ស្ដាំ និង Gabriel Jesus ជា​ខ្សែប្រយុទ្ធ​ទោល។ ដូច្នេះ​ទម្រង់​លេង​ជា​គោល​របស់ Arsenal នៅ​រដូវកាល​ក្រោយ​គឺ 4-2-3-1។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២