បាល់ទាត់អន្តរជាតិ
Lautaro Martinez បដិសេធលុយធំពីក្លឹបនៅអារ៉ាប៊ីសាអូឌីត
ខ្សែប្រយុទ្ធ Lautaro Martinez បាននិយាយថា គាត់បានទទួលការដេញថ្លៃជាមួយនឹងទឹកប្រាក់ដ៏ធំសម្បើមមួយពីក្លឹបនៅអារ៉ាប៊ីសាអូឌីត ប៉ុន្តែគាត់មិនរីករាយចំពោះរឿងនោះទេ ហើយក៏មិនរំពឹងទុកថា ខ្លួននឹងចាកចេញពីក្លឹប Inter Milan ឡើយ នៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។
ក្រៅពីឈ្នះពាន FIFA World Cup 2022 ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន Lautaro Martinez មានទម្រង់លេងដ៏ល្អសម្រាប់ Inter Milan ក្នុងអំឡុងពេលនៃការប្រកួតរដូវកាលមុន (2022-2023) ដោយស៊ុតបញ្ចូលទីបាន 28 គ្រាប់ និង 11 Assists ក្នុងការបង្ហាញខ្លួន 57 ប្រកួត។
ជាមួយនឹងស្ថិតិដ៏ល្អនេះ អនាគតរបស់ Lautaro Martinez បានស្ថិតក្នុងការសង្ស័យ និងត្រូវបានគេរំពឹងថា កីឡាករវ័យ 25 ឆ្នាំរូបនេះ អាចនឹងចាកចេញពីទឹកដីអ៊ីតាលី នៅមុនរដូវកាលថ្មីចាប់ផ្ដើម ខណៈដែលក្លឹបបិសាចក្រហម Manchester United និងតោខៀវ Chelsea ក៏បានចាប់អារម្មណ៍ខ្លាំងមកលើគាត់ផងដែរ។
ក្រៅពីក្លឹបធំៗជាច្រើននៅតំបន់អ៊ឺរ៉ុបចង់បានគាត់នោះ ក្លឹបអារ៉ាប៊ីសាអូឌីតក៏ព្យាយាមបញ្ចុះបញ្ចូលគាត់ឲ្យទៅលេងជាមួយពួកគេដែរ ដោយហ៊ានចាយលុយធំទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ Martinez ត្រូវបានតែងតាំងជាកាពីតែនក្រុមថ្មីរបស់ Inter Milan ហើយខ្សែប្រយុទ្ធកណ្តាលរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា នឹងចំណាយពេលយ៉ាងហោចណាស់មួយរដូវកាលទៀតជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។
ប្រភព: Sportsmole