Connect with us

បាល់ទាត់អន្តរជាតិ

Inter Miami កំពុង​រៀប​គម្រោង​ឲ្យ Messi អាច​វិល​ត្រឡប់​មក​លា​អ្នក​គាំទ្រ​នៅ Camp Nou វិញ

Published

on

សហ​ស្ថាបនិក​​ក្លឹប Inter Miami លោក Jorge Mas បាន​បញ្ជាក់​​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រុម​របស់​លោក​នឹង​ជួយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Lionel Messi ឲ្យ​ទទួល​បាន​ឱកាស​ចុង​ក្រោយ​មួយ ក្នុង​ការ​វិល​ត្រឡប់​មក Camp Nou វិញ ដើម្បី​លា​ជាមួយ​មិត្ត​រួម​ក្រុម​ចាស់ និង​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ​របស់​ខ្លួន។

យ៉ាង​ណា​មិញ Lionel Messi បាន​ចាកចេញ​ពី Barcelona ទៅ PSG យ៉ាង​តក់ក្រហល់​កាល​ពី​ខែសីហា ឆ្នាំ 2021។ នៅ​រដូវក្តៅ​នេះ ម្ចាស់​ពាន​រង្វាន់ Ballon d’Or ប្រាំពីរ​សម័យ​កាល​រូប​នេះ បាន​សម្រេច​ចិត្ត​ចាកចេញ​ពី PSG ទៅ Inter Miami ខណៈ​ដែល​គាត់​ក៏​មាន​ឱកាស​ក្នុង​ការ​វិញ​ត្រឡប់​ទៅ Camp Nou វិញ​ផង​ដែរ។

Messi មិន​ចង់​ឲ្យ Barcelona មាន​សម្ពាធ ជា​មួយ​នឹង​វត្តមាន​របស់​គាត់​នៅ​ក្លឹប​យក្ស​កាតាឡាន់​វិញ​នោះ​ទេ។ គាត់​បាន​ជ្រើសយក​ជម្រើស​ដោយ​ទៅ​លេង​នៅ​ទឹកដី​អាមេរិច ហើយ​ទី​នោះ​ក៏​ប្រហែល​ជា​ពេលវេលា​ចុង​ក្រោយ​នៃ​អាជីព​បាល់ទាត់​របស់​គាត់​ផង​ដែរ។ Messi មិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ឱកាស​ពាក់​អាវ​របស់ Barcelona ម្ដង​ទៀត​​នោះ​ទេ ស្រប​ពេល​ដែល​គាត់​មាន​វ័យ 36 ឆ្នាំ​ទៅ​ហើយ។

ថ្វី​ត្បិត​តែ​បែប​នេះ​ក៏​ដោយ​លោក Jorge Mas ចង់​ឲ្យ Messi មាន​ឱកាស​ដ៏​ពិសេស​មួយ ដើម្បី​ឲ្យ​គាត់​អាច​លា​អ្នកគាំទ្រ និង​អតីត​ក្លឹប​ដែល​គាត់​ស្រឡាញ់​បំផុត។ Jorge Mas បាន​ប្រាប់​ថា Messi នៅ​មិន​ទាន់​មាន​ឱកាស​និយាយ​លា​អ្នកគាំទ្រ Barcelona ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ចាប់​តាំង​ពី​ចាកចេញ​កាល​ពី​ឆ្នាំ 2021 មក។ ក្នុង​ផតខេសន៍​របស់ Taylor Twellman លោក Jorge Mas បាន​បញ្ជាក់​ថា៖ “Messi នឹង​ត្រឡប់​ទៅ Camp Nou វិញ។ ​ខ្ញុំ​មិន​ដឹង​ថា​ វា​ជា​​ការ​ប្រកួត​មិត្តភាព រឺ​​ការ​លា​គ្នា​នោះ​ទេ។ តែ​ពួក​គេ​នៅមាន​ពានរង្វាន់ Gamper Trophy ដែល​ពួក​គេ​ត្រូវ​លេង​នៅ​រដូវក្តៅ​នេះ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២