បាល់ទាត់អន្តរជាតិ
Barcelona នឹងប្រើប្រាស់ថវិកាដែលបានពីការលក់ Dembele មកដេញថ្លៃ Joao Cancelo

យោងតាមរបាយការណ៍ចុងក្រោយមួយដែលបានចុះផ្សាយដោយអ្នកកាសែតល្បីឈ្មោះ Fabrizio Romano បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona នឹងប្រើប្រាស់ផ្នែកមួយនៃកិច្ចព្រមព្រៀងលក់ Ousmane Dembele ទៅឲ្យ PSG មកដេញថ្លៃយកខ្សែការពារ Joao Cancelo របស់ក្លឹប Man City។
យ៉ាងណាមិញ កិច្ចព្រមព្រៀង Ousmane Dembele ជាមួយ PSG នឹងសម្រេចជាផ្លូវការណ៍នៅចុងសប្តាហ៍នេះ ខណៈដែលកាលពីព្រឹកមិញ គ្រូបង្វឹករបស់ក្លឹបយក្សកាតាឡាន់លោក Xavi Hernandez បាននិយាយពីរឿងនេះផងដែរថា ខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំងរូបនេះនឹងជ្រើសយកជម្រើសនៃការចាកចេញទៅទឹកដីកំណើតរបស់ខ្លួនវិញ បើទោះបីជាគាត់បញ្ចុះបញ្ចូលគេបែបណាក៏មិនបានសម្រេចដែរ។
បច្ចុប្បន្នគេបានដឹងថា Joao Cancelo គឺជាគោលដៅសំខាន់របស់ Barcelona ស្របពេលដែលពួកគេបានចាប់អារម្មណ៍លើខ្សែការពារស្ដាំរូបនេះជាយូរមកហើយ ប៉ុន្តែត្រូវបានរំខានដោយបញ្ហាហិរញ្ញវត្ថុរបស់នៅក្លឹបរបស់ខ្លួន។ ក្នុងករណីដែលកិច្ចព្រមព្រៀង Cancelo មិនអាចកើតឡើង Barcelona ក៏បានកំណត់គោលដៅបន្ទាប់របស់ខ្លួនរួចហើយផងដែរ ដោយពួកគេនឹងចរចាផ្ទេរខ្សែការពាររបស់ក្លឹប Valladolid វិញម្ដង គឺកីឡាករ Ivan Fresneda។
ប្រភព: Fabrizio Romano