បាល់ទាត់អន្តរជាតិ
Yamila Rodriguez សំណូមពរឲ្យអ្នកគាំទ្របញ្ឈប់ការផ្ញើសាររំខាន និងឌឺដងដាក់នាង

កីឡាការិនី Yamila Rodriguez កំពុងប្រឈមនឹងបញ្ហាផ្លូវចិត្តដ៏លំបាកមួយ ដោយសារអ្នកគាំទ្រជាច្រើនបានផ្ញើសារទៅជេរប្រមាថ និងស្ដីបន្ទោសនាង។ Yamila Rodriguez ដែលជាកីឡាករក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនផ្នែកនារីវ័យ 25 ឆ្នាំ កំពុងប្រកបអាជីពនៅក្លឹប Boca Juniors ត្រូវបានគេដឹងថា ជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់របស់តារាឆ្នើម Cristiano Ronaldo។
Yamila Rodriguez ត្រូវបានអ្នកគាំទ្រ Lionel Messi និងក្រុមជម្រើសជាតិអាហ្សង់ទីនជាច្រើនរិះគន់ជាថ្មីម្ដងទៀត បន្ទាប់ពីការប្រកួតដំបូងរបស់បាល់ទាត់នារីអាហ្សង់ទីន ចាញ់ក្រោមថ្វីជើងអ៊ីតាលី។ ភាពចម្រូងចម្រាសនៅលើប្រព័ន្ធផ្សព្វផ្សាយចាប់ផ្ដើមផ្ទុះឡើង ដោយពួកគេផ្ដោតសំខាន់លើការរិះគន់សាក់របស់នាង ដែលសាក់នោះគឺជារូបរបស់ Cristiano Ronaldo។ តាមពិតទៅ Rodriguez បានសាក់រូបនេះជាយូរមកហើយ ហើយក៏មានទាំងរូបរបស់ Diego Maradona នៅភ្លៅនាងផងដែរ។
Rodriguez បានផុសនៅលើគណនី Instagram របស់នាងដោយសំណូមពរ កុំឲ្យអ្នកគាំទ្រព្យាយាមធ្វើបាបចិត្តនាងបន្តទៀត ហើយបានសរសេរថា៖ “សូមឈប់! ខ្ញុំមិនមានពេលវេលាល្អទេ។ ត្រង់ចំណុចណាដែលខ្ញុំនិយាយថា ខ្ញុំស្អប់ Messi?… តើអ្នកមិនអាចមាន idol រឺកីឡាករដែលអ្នកចូលចិត្តបានទេ? Messi គឺជាប្រធានក្រុមដ៏អស្ចារ្យរបស់យើងនៅក្នុងក្រុមជម្រើសជាតិ ប៉ុន្តែការដែលខ្ញុំនិយាយថា ការលើកទឹកចិត្តរបស់ខ្ញុំ និងជា Idol របស់ខ្ញុំគឺ CR7 មិនមែនមានន័យថា ខ្ញុំស្អប់ Messi នោះទេ។ តើមានបញ្ហាអ្វី? វាមិនមែនជាភារកិច្ចទេ ដែលយើងត្រូវស្រឡាញ់តែកីឡាករក្នុងប្រទេសរបស់យើង”។
ប្រភព: Hola