បាល់ទាត់អន្តរជាតិ
Antonio Conte បញ្ជាក់ថា ការផ្ទេរទៅដឹកនាំនៅ PSG គឺជាព័ត៌មានក្លែងក្លាយ

អ្នកចាត់ការទូទៅរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Antonio Conte បានចេញមកបញ្ជាក់ពីការដែលមានពាក្យចចាមអារ៉ាមថា លោកនឹងផ្លាស់ទៅដឹកនាំនៅ Paris Saint-Germain គឺជាព័ត៌មានក្លែងក្លាយ។
មានការលើកឡើងជាច្រើនបានឲ្យដឹងថា លោក Antonio Conte នឹងចាកចេញពីតំណែងជាគ្រូបង្វឹក ប្រសិនបើក្លឹប Tottenham Hotspur មិនអាចមានកៅអីលេងនៅ UCL ឆ្នាំក្រោយ ខណៈដែលគាត់ក៏មានទំនាក់ទំនងជាមួយ PSG ដែរ។ ប៉ុន្តែការអះអាងទាំងនេះ ត្រូវបានបដិសេធពី Antonio Conte។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលី Antonio Conte បាននិយាយថា “ជាក់ស្តែង ខ្ញុំគិតថាវាល្អដែលក្លឹបផ្សេងទៀត ពេញចិត្តចំពោះការដឹកនាំរបស់ខ្ញុំ ប៉ុន្តែនេះគឺជារឿងមួយផ្សេង។ ការពិតគឺថា ខ្ញុំមិនចូលចិត្តនៅពេលដែលមានមនុស្សព្យាយាមបង្កើតព័ត៌មាន ដោយគ្រាន់តែនិយាយ ហើយបង្កើតជាបញ្ហា។ នេះមិនយុត្តិធម៌ទេសម្រាប់ក្លឹប រឺសម្រាប់កីឡាកររបស់ខ្ញុំ។ ម្យ៉ាងទៀត ដោយសារខ្ញុំមានអារម្មណ៍ថា យើងត្រូវការផ្តោតលើការប្រកួតទាំងប្រាំដែលនៅសល់ និងទទួលបានលទ្ធផលដែលចង់បាន”។
Tottenham Hotspur មានឱកាសតិចតួចបំផុតក្នុងការប្រជែង Top 4 ជាមួយក្លឹបកាំភ្លើងធំ Arsenal ដោយពួកគេត្រូវតតាំងជាមួយក្រុមខ្លាំងៗជាច្រើនដូចជា Leicester និង Liverpool ជាដើម។
ប្រភព: 90 Min