Connect with us

បាល់ទាត់អន្តរជាតិ

Jan Oblak អាច​នឹង​ពិចារណា​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​បិសាចក្រហម

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ដាក់​គម្រោង​ដ៏​ច្បាស់លាស់​មួយ​សម្រាប់​ការ​ផ្ទេរ​អ្នកចាំទី Jan Oblak របស់​ក្លឹប Atletico Madrid។ យើង​បាន​ដឹង​ហើយ​ថា បិសាចក្រហម​បាន​ធ្វើ​ការ​រុះរើ​ក្រុម​ទ្រង់ទ្រាយ​ធំ ក្នុង​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​ដែល​ទើប​នឹង​បញ្ចប់​ទៅ​ថ្មីៗ​នេះ ហើយ​ក្នុង​នោះ​មាន​ទាំង​ការ​អនុញ្ញាត​ឲ្យ David de Gea និង Dean Henderson ចាកចេញ​​ផង​ដែរ។

អ្នកចាំទី​ដៃ​ទីមួយ​របស់​ពួក​គេ​បាន​ជំនួស​មក​វិញ​ដោយ​បេក្ខភាព​ថ្មី​គឺ​កីឡាករ Andre Onana ដែល​ក្លឹប​បាន​ចំណាយ​ប្រាក់ 47 លានផោន ដើម្បី​ទិញ​យក​គេ​មក​ពី Inter Milan ខណៈ​ដែល​អ្នកចាំទី​សញ្ជាតិ​ទួរគី Altay Bayindir ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​ពេល​នោះ​ដូច​គ្នា ដើម្បី​ដើរ​តួ​ជា​អ្នក​ចាំទី​បម្រុង។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ Andre Onana មិន​បាន​ចាប់​ផ្ដើម​ជីវិត​ថ្មី​នៅ Old Trafford ដោយ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ពេញ​ចិត្ត​នោះ​ទេ ស្រប​ពេល​ដែល​គិត​មក​ទល់​នឹង​ពេល​នេះ គាត់​បាន​បណ្តោយ​ឲ្យ​មាន​ស្ថិតិ​ដ៏​អាក្រក់​ដោយ​របូត​គ្រាប់​បាល់​រហូត​ដល់ 14 គ្រាប់ ក្នុង​បង្ហាញ​ខ្លួន 7 ប្រកួត។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ យោង​ទៅ​តាម​របាយការណ៍​ពី Fichajes បាន​អះអាង​ថា ពេល​នេះ Man United កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Oblak នៅ​ពេល​វេលា​ណា​មួយ​ឆាប់ៗ​ខាង​មុខ។ អ្នកចាំទី​​សញ្ជាតិស្លូវេនី​រូប​នេះ​គឺ​ជា​អ្នកចាំទី​ចាស់​វស្សា​មួយ​រូប​របស់ Atletico Madrid ដោយ​គិត​មក​ទល់​នឹង​ពេល​នេះ​គាត់​បាន​បង្ហាញ​ខ្លួន 398 ប្រកួត​មក​ហើយ។

Jan Oblak នៅ​មាន​កុត្រា​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​រហូត​ដល់​ឆ្នាំ 2028 ប៉ុន្តែ​របាយការណ៍​ជា​ច្រើន​បាន​បង្ហាញ​ថា Man United អាច​នឹង​ចំណាយប្រាក់​មិន​សូវ​ច្រើន​ប៉ុន្មាន​ទេ​សម្រាប់​ការ​ចុះ​ហត្ថលេខា​នាំ​យក​គាត់​មក​ទឹកដី​អង់គ្លេស។ លើស​ពី​នេះ​ទៀត Oblak ផ្ទាល់ ក៏​ហាក់​ដូច​ជា​បើក​ឱកាស​សម្រាប់​ខ្លួន​ឯង ក្នុង​ការទទួល​យក​បទពិសោធន៍​ថ្មី ដើម្បី​ចាកចេញ​ពី​ទឹកដី​អេស្ប៉ាញ​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២