បាល់ទាត់អន្តរជាតិ
Roberto De Zerbi ស្ថិតក្នុងគោលដៅនៃការចង់បានរបស់ Real Madrid
ប្រធានក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថា បានបន្ថែមឈ្មោះលោក Roberto De Zerbi ដែលជាគ្រូបង្វឹករបស់ក្លឹប Brighton ចូលទៅក្នុងបញ្ជីឈ្មោះនៃការចង់បានរបស់គាត់ ស្របពេលដែល Real Madrid កំពុងពិចារណាស្វែងរកជម្រើសគ្រូបង្វឹកថ្មី ដើម្បីត្រៀមជំនួសតំណែងរបស់លោក Carlo Ancelotti។
កុងត្រាបច្ចុប្បន្នរបស់គ្រូបង្វឹក Real Madrid គឺលោក Carlo Ancelotti នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយមានការរំពឹងទុកថា គាត់នឹងចាកចេញពីទឹកដីអេស្ប៉ាញទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល។ ទន្ទឹមនឹងនេះដែរ គ្រូបង្វឹកវ័យ 64 ឆ្នាំរូបនេះ ក៏បាននិយាយកាលពីពេលថ្មីៗនេះដែរថា គាត់មិនចាប់អារម្មណ៍នឹងបន្តកុងត្រាថ្មីដើម្បីនៅ Santiago Bernabeu ឡើយ។
គ្មានការសង្ស័យឡើយដែលនៅរដូវកាលក្រោយ Real Madrid នឹងមានគ្រូបង្វឹកថ្មីមកដឹកនាំ ខណៈដែលរបាយការណ៍ជាច្រើនបានអះអាងថា Xabi Alonso គឺជាបេក្ខភាពគ្រូបង្វឹកដែល Real Madrid ចង់បាន។ យ៉ាងណា ប្រសិនបើបរាជ័យជាមួយនឹង Xabi Alonso ក្លឹបយក្សរបស់អេស្ប៉ាញនឹងសម្រេចចិត្តផ្ទេរ De Zerbi ដែលជាគ្រូបង្វឹកដ៏លេចធ្លោរម្នាក់ប្រចាំលីគកំពូលរបស់អង់គ្លេស។ រដូវកាលថ្មីនេះ De Zerbi បានដឹកនាំ Brighton ក្នុងការប្រកួតទាំង 6 នៅ Premier League ដោយមាន 15 ពិន្ទុ និងឈរនៅលេខ 3 ក្នុងលីគកំពូលផងដែរ។
ប្រភព: Sportsmole