បាល់ទាត់អន្តរជាតិ
Aguero បង្ហាញពីសាររបស់ Lionel Messi ផ្ញើមកគាត់ បន្ទាប់ពី Real Madrid វាយបកយកឈ្នះ Manchester City នៅចុងម៉ោង

អតីតខ្សែប្រយុទ្ធឆ្នើម Sergio Aguero បានបង្ហើបថា Lionel Messi មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីក្រុមស្ដេចស Real Madrid វាយបកយកឈ្នះលើក្លឹបមេឃខៀវ Manchester City កាលពីយប់ថ្ងៃពុធកន្លងទៅនេះ។
ក្នុងការប្រកួតពេលនោះក្លឹប Real Madrid នៅសល់តែប៉ុន្មាននាទីប៉ុណ្ណោះ ដោយអស់ឱកាសឈ្នះ និងត្រៀមចិត្តសម្រាប់ការធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បន្ទាប់ពី Riyad Mahrez បានស៊ុតបញ្ចូលទីមួយគ្រាប់ ហើយលទ្ធផលសរុបទាំងពីរជើង 5 ទល់នឹង 3។
យ៉ាងណា អ្វីៗមិនងាយស្រួលដូចជាការគិតឡើយ ដោយកីឡាករវ័យក្មេង Rodrygo រកបានពីរគ្រាប់ម្នាក់ឯង ក្នុងរយៈពេលត្រឹមតែពីរនាទីនៅចុងបញ្ចប់នៃនាទីទី 90 ហើយនៅម៉ោងបន្ថែម Karim Benzema បានទាត់បាល់ពិន័យ 11 ម៉ែត្រ យកឈ្នះការប្រកួតនេះតែម្ដង។
យ៉ាងណាមិញ Aguero ដែលជាអតីតខ្សែប្រយុទ្ធរបស់ Man City បានធ្វើការអត្ថាធិប្បាយលើការប្រកួតសម្រាប់ ESPN ហើយលើកឡើងថា មិនគួរឲ្យជឿសោះ ក្លឹបជាទីស្រឡាញ់របស់គាត់បានបោះចោលឱកាសដើម្បីមានសិទ្ធិក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
លើសពីនេះទៅទៀត Aguero បានប្រាប់ថា Lionel Messi ដែលជាមិត្តជិតស្និទ្ធជាមួយគាត់ បានផ្ញើសារមកគាត់ក្នុងអំឡុងពេលប្រកួត ដើម្បីចែករំលែកពីរឿងដែលមិនគួរឲ្យជឿរបស់ខ្លួន ចំពោះលទ្ធផលនេះផងដែរ។ Aguero បានទម្លាយសាររបស់ Messi ដោយសារនោះសរសេរថា៖ “វាជាការលេងសើច វាមិនអាចទៅរួចទេ។ វាមិនអាចទេ… នេះមិនអាចជាការពិតទេ”។
ខ្សែប្រយុទ្ធរបស់ក្លឹប PSG គឺ Lionel Messi ជានិមិត្តរូបរបស់ Barcelona ហើយប្រហែលជាគាត់ក៏កំពុងគាំទ្រ Man City ដែរ។
ប្រភព: Metro