បាល់ទាត់អន្តរជាតិ
Dani Alves លើកឡើងថា Benzema សមនឹងទទួលបាន Ballon d’Or នៅឆ្នាំនេះ

ខ្សែការពារ Dani Alves បានវិលត្រឡប់មក LaLiga Santander វិញ ក្នុងនាមជាកីឡាកររបស់អតីតក្លឹបចាស់ Barcelona។ ទោះបីជាវ័យចំណាស់បន្តិចក៏ដោយ ប៉ុន្តែ Dani Alves នៅតែបង្ហាញទម្រង់លេងបានយ៉ាងល្អ រហូតអាចស៊ីដាច់ជម្រើស 11 នាក់ដំបូង លើកីឡាករក្មេងៗរបស់ក្លឹប ក្នុងតំណែងជាខ្សែការពារស្លាបស្ដាំ។
កាលពីពេលថ្មីៗកន្លងទៅនេះ ខ្សែការពារស្តាំសញ្ជាតិប្រេស៊ីលរូបនេះ បានពិភាក្សាមួយក្នុងបទសម្ភាសន៍ជាមួយ MARCA ខណៈដែលគាត់ក៏បាននិយាយអំពីទម្រង់លេងដ៏ប្រសើរឡើងរបស់ Barcelona នាពេលបច្ចុប្បន្ន, ហើយនិយាយអំពី World Cup 2022 និងនិយាយពីទម្រង់លេងដ៏ល្អរបស់ Karim Benzema។
ពេលមានគេសួរ Dani Alves ថា: តើអ្នកនឹងផ្តល់ឲ្យ Karim Benzema នូវពាន Ballon d’Or ឆ្នាំនេះទេ?
Alves បានឆ្លើយតបថា: “គាត់ហេតុផលគ្រប់គ្រាន់ ដើម្បីឈ្នះវា ជាពិសេសគឺអ្វីដែលគាត់កំពុងធ្វើនៅពេលនេះ។ ប៉ុន្តែ Champions League មានឥទិ្ធពលខ្លាំងណាស់។ ប្រសិនបើគាត់ឈ្នះពាននោះទៀត គាត់គឺជាបេក្ខភាពដ៏មានអាទិភាពបំផុត។ នៅ Man City, Liverpool… មានកីឡាករដែលអាចតាមប្រជែងគាត់ ដើម្បីឈ្នះពាននេះ…”។
ប្រភព: Eurosport