Connect with us

បាល់ទាត់អន្តរជាតិ

Xavi រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ជះឥទ្ធិពល​មិន​ល្អ​ដល់​កូន​ក្រុម​របស់​ខ្លួន

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona លោក Xavi Hernandez បាន​លើកឡើង​ពី​​ភាព​អវិជ្ជមាន​ដែល​កើត​ឡើង​ពី​ការ​រិះគន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ទៅ​លើ​កីឡាករ​របស់​ខ្លួន ហើយ​វា​ធ្វើ​ឲ្យ​ជះឥទ្ធិពល​ដល់​ក្រុម។ នៅ​មុន​ការ​ប្រកួត​ក្របខណ្ឌ La Liga ជា​មួយ Alaves កាល​ពី​ម្សិលមិញ​នេះ Barcelona បាន​ចាញ់​ពីរ​ប្រកួត​ជាប់ៗ​គ្នា ដោយ​រងបរាជ័យ​ក្រោម​ថ្វីជើង Real Madrid នៅ​ក្នុង​ការ​ប្រកួត El Clasico និង Shakhtar Donetsk ក្នុង​ការ​ប្រកួត UEFA Champions League។

បន្ត​មក​ទៀត Barcelona ស្ទើរ​តែ​បាន​ចាញ់​ជា​លើក​ទី 3 ទៅ​ហើយ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​ឲ្យ​មាន​ការ​របួត​គ្រាប់​បាល់​ត្រឹមនាទីទី 1 នៃ​ការ​ប្រកួត​ទល់​នឹង Alaves ដែល​ជា​ការ​ស៊ុត​បញ្ចូលទី​ដ៏​លឿន​របស់ Samu Omorodion។ ទោះ​ជា​យ៉ាង​ណា ការ​ស៊ុត​បញ្ចូលទី 2 គ្រាប់​របស់ Robert Lewandowski បាន​ធ្វើ​ឲ្យ​ពួក​គេ​វាយ​បក​យក​ឈ្នះ​វិញ ក្នុង​លទ្ធផល 2 ទល់​នឹង 1។

ជា​មួយ​នឹង​ទម្រង់​លេង​មិន​សូវ​ល្អ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ Xavi Hernandez បាន​ផ្ដោត​សំខាន់​ទៅ​លើ​អារម្មណ៍​របស់​កីឡាករ ជា​កូន​ក្រុម​របស់​ខ្លួន​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​រិះគន់​នានា​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ គ្រូ​បង្វឹក​វ័យ 43 រូប​នេះ​បាន​និយាយ​ថា៖ “ភាព​អវិជ្ជមាន​នៅ​ជុំវិញ​ក្រុម និង​ការ​រិះគន់​កំពុង​ប៉ះ​ពាល់​ដល់​កីឡាករ​របស់ខ្ញុំ។ សំខាន់​ជាង​គេ​គឺ យុវជន។ កីឡាករ​ជើង​ចាស់​ដូចជា Lewandowski និង Inigo Martinez ពិត​ជា​មិន​រង​ផល​ប៉ះពាល់​ពី​វា​ទេ។ ខ្ញុំ​មិន​ដែល​មើល​ទៅ​លើ​ផ្នែក​អវិជ្ជមាន​នៃ​រឿង​នោះ​ទេ។ ខ្ញុំ​គ្រាន់តែ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​របស់​យើង។ ដំណោះស្រាយ​ដើម្បី​ឲ្យ​កីឡាករ​របស់​យើង​អាច​រីករាយ​នឹង​ខ្លួន​ឯង​នៅ​លើ​ទីលាន។ ខ្ញុំ​អាច​ប្រាប់​បាន​ថា ពួក​គេ​ពេល​នេះ មិន​រីករាយ​ឡើយ”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២