បាល់ទាត់អន្តរជាតិ
លឺថា Sadio Mane ជិតផុតកុងត្រា ស្រាប់តែ Barcelona ទាក់ទងទៅភ្លាម!!!

យោងតាមកាសែត Mundo Deportivo បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona កំពុងមានបំណងប្រាថ្នាក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមមួយរូបនៅរដូវក្តៅនេះគឺ Sadio Mane របស់ក្លឹបហង្សក្រហម Liverpool។
គោលដៅដំបូងបង្អស់របស់ Barcelona គឺខ្សែប្រយុទ្ធ Erling Haaland ប៉ុន្តែកីឡាកររបស់ក្លឹប Borussia Dortmund រូបនេះ សម្រេចចិត្តផ្ទេរទៅកាន់ Manchester City ដែលវាជាហេតុផលដែល Barcelona នៅតែព្យាយាមបន្តទៀត ក្នុងការរកខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់។
ដោយឡែករបាយការណ៍ពី ESPN ធ្លាប់បានបង្ហើបថា Robert Lewandowski របស់ Bayern Munich ក៏ជាកីឡាករដែល Barcelona ចាប់អារម្មណ៍ដែរ។ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញនៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នដល់ឆ្នាំ 2023 ប៉ុន្តែកម្រិតលើការចំណាយផ្នែកហិរញ្ញវត្ថុរបស់ក្លឹប Barcelona គឺជាឧបសគ្គដ៏ធំមួយ ចំពោះការនាំយក Robert Lewandowski។
ខ្សែប្រយុទ្ធ Sadio Mane មិនទាន់បានចរចាកិច្ចព្រមព្រៀងរបស់គាត់នៅទឹកដី Anfield នោះទេ ដែលចន្លោះពេលនេះ គឺជាឱកាសមួយរបស់ក្លឹប Barcelona។ យ៉ាងណាមិញ Mane ដែលបច្ចុប្បន្នមានវ័យ 30 ឆ្នាំត្រូវបានគេលើកឡើងថា គាត់ចង់ផ្លាស់ទៅលេងនៅក្នុងប្រទេសអេស្ប៉ាញ ហើយជឿជាក់លើសមត្ថភាពរបស់គាត់ ដែលអាចលេងប្រជែងនៅតំបន់ប្រយុទ្ធកណ្ដាលរបស់ក្លឹប Barcelona បាន។ Mane ចង់លេងក្រោមការដឹកនាំរបស់ Xavi Hernandez ព្រោះអាចជាផ្នែកមួយជួយជម្រុញគាត់ឲ្យមានឱកាសឈ្នះ Ballon d’Or នៅរដូវកាលក្រោយ។
ប្រភព: Espn