បាល់ទាត់អន្តរជាតិ
De Bruyne ស៊ុត 4 គ្រាប់ម្នាក់ឯង ជួយឲ្យ Man City បន្តឈរនៅកំពូលតារាង Premier League

ការស៊ុតបាល់បញ្ចូលទី 4 គ្រាប់របស់ Kevin De Bruyne បានធ្វើឲ្យក្លឹបមេឃខៀវ Manchester City បោះជំហានយ៉ាងសំខាន់ឆ្ពោះទៅកាន់ការឈ្នះពាន Premier League នៅរដូវកាលនេះ។ ពួកគេបានយកឈ្នះ Wolves 5 ទល់នឹង 1 ក្នុងនាមខ្លួនឯងជាក្រុមភ្ញៀវ កាលពីយប់ថ្ងៃពុធនេះ។
ការប្រកួតយប់មិញនេះ គឺការប្រកួតទី 350 របស់លោក Pep Guardiola ដែលដឹកនាំ Man City ខណៈដែលបច្ចុប្បន្នក្រុមរបស់ពួកគេនៅតែបន្តនាំមុខគួរប្រជែង Liverpool ដែលជាក្រុមលេខ 2 ចំនួន 3 ពិន្ទុ បើទោះបីជា Liverpool ទទួលបានជ័យជម្នះ 2-1 ទៅលើក្រុម Aston Villa កាលពីថ្ងៃអង្គារកន្លងទៅក៏ដោយ។
គ្រាប់បាល់បើកឆាកដំបូងនៅក្នុងការប្រកួត គឺជាការស៊ុតបញ្ចូលទីរបស់ Kevin De Bruyne នៅនាទីទី 7។ ប៉ុន្តែ 4 នាទីក្រោយមក ក្រុមម្ចាស់ផ្ទះបានស៊ុតមួយគ្រាប់តាមស្មើ ដោយកីឡាករ Leander Dendoncker។ មិនយូរប៉ុន្មាន Kevin De Bruyne បានស៊ុតបន្ថែមពីរគ្រាប់ទៀត ដែលធ្វើឲ្យការប្រកួតតង់ទីមួយ បញ្ចប់ទៅដោយលទ្ធផល 3 ទល់នឹង 1។
នៅដើមតង់ទីពីរ នាទីទី 60 ខ្សែបម្រើ Kevin De Bruyne បានស៊ុតមួយគ្រាប់ទៀត ហើយនៅនាទីទី 84 ខ្សែប្រយុទ្ធស្លាប Raheem Sterling បានស៊ុតមួយគ្រាប់ចុងក្រោយ។
យ៉ាងណាមិញខ្សែបម្រើសញ្ជាតិប៊ែលហ្សិក Kevin De Bruyne នៅតែជាកូនសោរដ៏សំខាន់របស់លោក Pep Guardiola ដោយកីឡាកររូបនេះ មិនត្រឹមតែអាចលេងនៅតំបន់បម្រើបានល្អប៉ុណ្ណោះទេ តែក៏អ្នកដែលអាចបញ្ចប់ទីបានច្បាស់ផងដែរ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម
ប្រភព: 90 Min