បាល់ទាត់អន្តរជាតិ
Aston Villa ប្រកាសពីការទិញផ្ដាច់កុងត្រារបស់ Philippe Coutinho

នៅទីបំផុតខ្សែប្រយុទ្ធស្លាប Philippe Coutinho បានក្លាយជាកីឡាករពេញលេញរបស់ Aston Villa ហើយ ដោយកាលពីម្សិលមិញនេះ ក្លឹបបានប្រកាសថា ពួកគេបានចុះហត្ថលេខាលើកីឡាករ Philippe Coutinho ក្នុងលក្ខខណ្ឌទិញផ្ដាច់កុងត្រាពី Barcelona។
កីឡាករសញ្ជាតិប្រេស៊ីល Philippe Coutinho បានចូលរួមជាមួយ Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើងដំបូងកាលពីខែមករា ដោយបានឱកាសក្នុងការលេងក្រោមការដឹកនាំរបស់គ្រូបង្វឹក ដែលជាអតីតមិត្តរួមក្រុមកាលនៅ Liverpool គឺលោក Steven Gerrard។
ក្លឹប Barcelona ក៏បានចេញសេចក្ដីប្រកាសបញ្ជាក់ពីការចែកផ្លូវគ្នាជាមួយ Philippe Coutinho ផងដែរ ជាមួយនឹងទឹកប្រាក់ដែលគេបានពី Aston Villa ក្នុងការផ្ទេរនេះត្រឹមតែ 20 លានអឺរ៉ូប៉ុណ្ណោះ ខណៈដែល Barcelona ខាតបង់យ៉ាងធំធេង ព្រោះពេលដែលពួកគេនាំយក Coutinho ពី Liverpool មានតម្លៃរហូតដល់ 150 លានអឺរ៉ូ។
ពាក់ព័ន្ធនឹងការទិញផ្ដាច់កុងត្រានេះដែរ គ្រូបង្វឹកលោក Steven Gerrard ក៏បាននិយាយថា “នេះគឺជាការចុះហត្ថលេខាដ៏អស្ចារ្យសម្រាប់ Aston Villa ។ Coutinho គឺជាកីឡាករដ៏ប្លែកអស្ចារ្យ ហើយគាត់ពិតជាមានឥទ្ធិពលណាស់សម្រាប់ក្រុម ចាប់តាំងពីគាត់បានចូលរួមនៅក្នុងខែមករាមក”។
ប្រភព: 90 Min