បាល់ទាត់អន្តរជាតិ
Chelsea នឹងចុះហត្ថលេខាលើ Sergino Dest ប្រសិនបើ Azpilicueta ចាកចេញ

ក្លឹបតោខៀវ Chelsea ចាប់អារម្មណ៍ក្នុងការទិញយកខ្សែការពារសញ្ជាតិអាមេរិចរបស់ក្លឹប Barcelona គឺកីឡាករ Sergino Dest នេះបើយោងតាម Sport បានចុះផ្សាយ។
ខ្សែការពារស្តាំរបស់ Barcelona រូបនេះ មានវ័យ 21 ឆ្នាំ ត្រូវបានអវត្តមានដោយសាររបួសសរសៃពួរតាំងពីខែមីនា មកម្ល៉េះ។ យ៉ាងណាក្ដី Sergino Dest ត្រូវបានអ្នកចាត់ការទូទៅរបស់ក្លឹបតោខៀវ Chelsea លោក Thomas Tuchel គិតថា គេអាចនឹងមានសមត្ថភាពលេងនៅតំបន់ស្លាបស្ដាំបានល្អសម្រាប់ក្រុមរបស់ខ្លួន។
ស្របពេលជាមួយគ្នានេះដែរ ក្លឹបអ្នកមានបុណ្យ Barcelona ក៏កំពុងចាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអេស្ប៉ាញ Cesar Azpilicueta ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួនផងដែរ។ វាជាហេតុផលមួយដែលក្លឹបតោខៀវនឹងនាំយក Sergino Dest នៅរដូវក្ដៅនេះ ប្រសិនបើ Cesar Azpilicueta សម្រេចចិត្តចាកចេញពីទឹកដីអង់គ្លេស ដែលខ្លួនរាប់រួមរស់អស់រយៈពេល 9 ឆ្នាំមកហើយនោះ។
Cesar Azpilicueta នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនក្នុងការផ្ទេរ ប្រសិនបើគាត់មិនបន្តកុងត្រាថ្មីជាមួយក្លឹបតោខៀវ Chelsea ប៉ុន្តែ Sergino Dest ជាកីឡាករស្ថិតក្នុងកុងត្រារបស់ Barcelona រហូតដល់ឆ្នាំ 2025។
ប្រភព: ESPN