បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហមកំពុងចង់បានកីឡាករម្នាក់របស់អាហ្សង់ទីន ដែលត្រូវបានគេស្គាល់ថា ជាជំនាន់ថ្មីរបស់ Lionel Messi

ខ្សែប្រយុទ្ធរបស់ក្លឹប Atletico Colon ដែលបច្ចុប្បន្នមានវ័យ 19 ឆ្នាំ កំពុងមានទម្រង់លេងលេចធ្លោរយ៉ាងខ្លាំង ហើយកីឡាកររូបនេះ ក៏កំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតនៅក្នុងប្រទេសរបស់ខ្លួន។
អ្នកគាំទ្រតែងមានការព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងប្រទេសអាហ្សង់ទីនដែលថា នៅពេលជំនាន់មាសរបស់ Lionel Messi, Sergio Aguero, Angel Di Maria និងមិត្តភ័ក្តិរបស់ពួកគេបានចូលនិវត្តន៍ នោះក្រុមជម្រើសជាតិអាហ្សង់ទីននឹងពិបាកក្នុងការរកអ្នកមកជំនួសពួកគេ។
ការព្រួយបារម្ភនេះប្រហែលជាមិនចាំបាច់ទេ ព្រោះនៅពេលនេះកីឡាករក្មេងៗជាច្រើនដែលកំពុងបង្ហាញពីទេព្យកោសល្យ ជាពិសេសកីឡាករដែលលេងនៅក្នុងប្រទេសអាហ្សង់ទីននេះផ្ទាល់តែម្ដងគឺ Facundo Farias ដែលមានទម្រង់ល្អបំផុត សមជាអ្នកស្នងតំណែងរបស់ Lionel Messi។
លើសពីនេះទៅទៀត អាហ្សង់ទីននៅតែមានកីឡាករល្បីៗដូចជា Lautaro Martinez, Leandro Paredes និង Rodrigo De Paul ដែលសុទ្ធតែមានវ័យត្រឹមតែ 27 ឆ្នាំ ហើយបច្ចុប្បន្នកំពុងលេងនៅតំបន់អឺរ៉ុប ជាមួយក្លឹបធំៗទៀតផង។ លើសពីនេះ ផ្អែកតាមវ័យរបស់ពួកគេ គឺអាចមានអនាគតវែងឆ្ងាយទៀតជាមួយក្រុមជម្រើសជាតិ។
Farias ដែលមានវ័យទើបតែ 19 ឆ្នាំ កំពុងត្រូវបានក្លឹប Boca Juniors និង River ដណ្ដើមគ្នាចង់បាន។ សេចក្ដីរាយការណ៍ចុងក្រោយមួយក៏បានឲ្យដឹងដែរថា ក្លឹបបិសាចក្រហម Manchester United ក៏កំពុងផ្សារភ្ជាប់ទំនាក់ទំនងនឹងការផ្ទេរកីឡាកររូបនេះដែរ។
ខ្សែប្រយុទ្ធរូបនេះ មានសមត្ថភាពអាចលេងនៅកណ្តាលក៏បាន រឺស្លាប រឺក្នុងតំណែងបម្រើប្រយុទ្ធក៏បាន។ លើសពីនេះទៅទៀត ការអភិវឌ្ឍខ្លួនរបស់ Facundo Farias តែងតែត្រូវបានកត់សម្គាល់ដោយ វីរបុរសប្រេស៊ីល Ronaldo ថែមទៀតផង។
នៅអាយុ 13 ឆ្នាំ Facundo Farias បានបាត់បង់ម្តាយរបស់គាត់ដោយជម្ងឺមហារីក។ ហើយក្នុងអំឡុងពេលនៃជំងឺរាតត្បាតចុងក្រោយនេះ ឪពុករបស់គាត់បានទទួលមរណភាពដោយសារជម្ងឺ Covid-19 និងជម្ងឺក្រិនថ្លើម និងទុកឲ្យគាត់មើលថែប្អូនស្រីអាយុ 12 ឆ្នាំតែម្នាក់ឯង។
ប្រភព: Goal