បាល់ទាត់អន្តរជាតិ
Fabregas ប្រកាសចាកចេញពី Monaco នៅចុងបញ្ចប់នៃរដូវកាលនេះ

ខ្សែបម្រើ Cesc Fabregas បានមើលឃើញថា រដូវកាល 2021-22 នេះ ជារដូវកាលដ៏អាក្រក់បំផុតក្នុងជីវិតបាល់ទាត់របស់គាត់ ដែលត្រូវបានបំផ្លាញដោយសាររបួស ខណៈដែលគាត់បានចូលលេងតែពីរប្រកួតប៉ុណ្ណោះនៅក្របខណ្ឌ Ligue 1 រដូវកាលនេះ។
Cesc Fabregas បានបញ្ជាក់ថា គាត់នឹងមិនត្រឡប់ទៅ Monaco វិញទេនៅរដូវកាលក្រោយ។ ខ្សែបម្រើវ័យ 35 ឆ្នាំរូបនេះបានស៊ូទ្រាំនឹងរដូវកាលដ៏ខកចិត្តមួយនៅ Ligue 1 ដោយសារការរងរបួសជាបន្តបន្ទាប់ ធ្វើឲ្យគាត់នៅក្រៅទីលាន។
Fabregas បានប្រាប់ So Foot ថា “វាមិនត្រឹមតែជាឆ្នាំដ៏អាក្រក់បំផុតក្នុងអាជីពរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែជាឆ្នាំដ៏អាក្រក់បំផុតនៃជីវិតរបស់ខ្ញុំផងដែរ ពីព្រោះនៅពេលដែលខ្ញុំមិនសប្បាយចិត្តជាមួយបាល់ទាត់ ខ្ញុំមិនអាចសប្បាយចិត្តក្នុងជីវិតខាងក្រៅនោះទេ”។
ទោះបីជាយ៉ាងណាក៏ដោយ Fabregas ប្រហែលជាមិនទាន់បានត្រៀមខ្លួនសម្រាប់ការចូលនិវត្តន៍ពីបាល់ទាត់នោះឡើយ ហើយគាត់អាចនឹងព្យាយាមស្វែងរកក្លឹបណាមួយសម្រាប់ការលេងជាលើកចុងក្រោយ មុននឹងបញ្ចប់អាជីព។
គួររំលឹកផងដែរថា Cesc Fabregas គឺជាអតីតកីឡាកររបស់ក្លឹប Arsenal, Chelsea និង Barcelona ដែលបានផ្ទេរទៅលេងនៅ Monaco កាលពីដើមឆ្នាំ 2019។ Fabregas ក៏ជាមិត្តដ៏ជិតស្និតរបស់ Lionel Messi និង Luis Suarez ផងដែរ។
ប្រភព: Goal