Connect with us

បាល់ទាត់អន្តរជាតិ

Jordan Henderson កំពុង​ស្ដាយ​ក្រោយ ក្នុង​ការ​ផ្ទេរ​ទៅ​អារ៉ាប៊ីសាអូឌីត និង​ចង់​ត្រឡប់​មក​អង់គ្លេស​វិញ

Published

on

ខ្សែបម្រើ Jordan Henderson កំពុង​តែ​មិន​សប្បាយ​ចិត្ត​ជា​មួយ​ក្លឹប Al-Ettifaq របស់ Saudi Pro League ហើយ​កំពុង​កំណត់​គោលដៅ​ត្រឡប់​មក​ទឹកដី Premier League វិញ (នេះ​បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​មួយ​បាន​ចុះ​ផ្សាយ)។

យ៉ាង​ណាមិញ Henderson ដែល​ជា​អតីត​កាពីតែន​ក្រុម​របស់​ក្លឹប​ហង្សក្រហម Liverpool បាន​ចាកចេញ​ពី Anfield ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត កាល​ពី​រដូវក្តៅ​ដើម​រដូវកាល​នេះ ខណៈ​ដែល​ការ​ផ្ទេរ​របស់​គាត់ ក៏ទទួល​បាន​ការ​រិះគន់ និង​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ​ផង​ដែរ។

កីឡាករ​ជា​ច្រើន​បាន​សម្រេចចិត្ត​ធ្វើ​ដំណើរ​ទៅ​មជ្ឈិមបូព៌ា​ដោយ​សារ​ប្រាក់​ខែ​ដ៏​ច្រើន​នៅ​ទីនោះ រហូត​ដល់​មាន​មតិ​ខ្លះ​លើក​ឡើង​ថា កីឡាករ​ដែល​ទៅ​លេង​នៅ​អារ៉ាប៊ីសាអូឌីត​ជា​កីឡាករ​គ្មាន​មហិច្ឆតា។ លើស​ពី​នេះ​ទៅ​ទៀត​អារ៉ាប៊ីសាអូឌីត​ក៏​មាន​ច្បាប់​តឹងរ៉ឹង និង​ខុស​ប្លែក​ពី​ប្រទេស​ផ្សេងៗ​ជា​ខ្លាំង​ផង​ដែរ។

ការ​ស្រឡាញ់​ភេទ​ដូចគ្នា គឺ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត ហើយ​ថែម​ទាំង​អាច​ត្រូវផ្តន្ទា​ទោស​ប្រហារ​ជីវិត​ផង​ដែរ​ជា​មួយ​នឹង​អ្នក​ណា​ដែល​ចូល​សមាគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា LGBTQ+។ រឿង​ដ៏​ស្មុគស្មាញ​ទាំង​នេះ​គឺ​ជា​ចំណែក​មួយ​នៃ​ការ​ធុញទ្រាន់​របស់ Henderson ដែល​កាល​ពី​មុន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​របស់​គាត់ មាន​ការ​គាំទ្រ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

បើ​យោង​តាម​កាសែត Daily Mail បាន​ឲ្យ​ដឹង​ថា Henderson មិន​ទាន់​មាន​ទីលំនៅ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​នោះ​ទេ​គិត​ចាប់​តាំង​ពី​គាត់​បាន​ចូលរួម​ជាមួយ Al-Ettifaq ហើយ​ខ្សែបម្រើ​រូប​នេះ​កំពុង​មាន​បំណង​ចង់​ត្រឡប់​មក​ប្រទេស​អង់គ្លេស​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ កីឡាករ​វ័យ 33 ឆ្នាំ​រូបនេះ​ត្រូវ​បាន​គេ​គិត​ថា មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​បរិយាកាស​អាកាសធាតុ និង​លក្ខខណ្ឌ​នៃ​ការ​ប្រកួត បូក​រួម​ទាំង​ទម្រង់​លេង​ដ៏​អាក្រក់​របស់ Al-Ettifaq ជា​ពិសេស​ការ​ប្រតិកម្ម​ប្រឆាំង​នឹង​សហគមន៍ LGBTQ+ របស់​អារ៉ាប៊ីសាអូឌីត​ក៏​ជា​កត្តា​មួយ​ផងដែរ។

ប្រភព: Metro UK

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២