បាល់ទាត់អន្តរជាតិ
Ancelotti បញ្ជាក់ថា Hazard នឹងបន្តនៅ Real Madrid រដូវកាលក្រោយបន្តទៀត

លោក Carlo Ancelotti បានបង្ហើបថា ខ្សែប្រយុទ្ធស្លាប Eden Hazard នឹងនៅជាមួយ Real Madrid នៅរដូវកាលក្រោយបន្តទៀត។ លោកបានបន្ថែមថាកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះចង់ស្នាក់នៅជាមួយក្លឹប។
Eden Hazard បានមកដល់ជាលើកដំបូងជាមួយនឹងការនាំយកអ្នកគាំទ្រជាច្រើនពី Chelsea កាលពីឆ្នាំ 2019 ប៉ុន្តែគាត់បានចំណាយពេលជាច្រើននៅក្រៅទីលាន ជាងការចូលលេងសម្រាប់អ្នកគាំទ្រនៅ Santiago Bernabeu។
នេះហើយជាហេតុដែល នាំឲ្យមានការរំពឹងទុកថា Real Madrid អាចនឹងលក់គាត់ចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែកាលពីពេលថ្មីៗនេះលោក Ancelotti និយាយថា Eden Hazard នឹងនៅតែជាផ្នែកនៃផែនការរបស់ក្លឹបនាពេលខាងមុខ។
ចាប់តាំងពីការមកដល់កាលពីឆ្នាំ 2019 ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិករូបនេះបានទទួលជោគជ័យដោយមានពានរង្វាន់ចំនួនពីរគឺ La Liga និង Supercopa ប៉ុន្តែក្នុងការឈ្នះពានរបស់ក្លឹប មិនសូវមានការចូលរួមចំណែករបស់គាត់ឡើយ។
Eden Hazard បានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌកំពូលត្រឹមតែ 47 ប្រកួតប៉ុណ្ណោះក្នុងរយៈពេល 3 រដូវកាល ក្នុងនាមជាកីឡាកររបស់ Real Madrid។
ប្រភព: Goal