បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍: Atletico Madrid ប្រកាសពីការចាកចេញរបស់ Luis Suarez នៅចុងបញ្ចប់នៃរដូវកាលនេះ

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្លឹបយក្សនៅអេស្ប៉ាញ Atletico Madrid បានប្រកាសនៅលើផេកផ្លូវការណ៍របស់ខ្លួនថា ខ្សែប្រយុទ្ធចាស់វស្សា Luis Suarez នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ដែលការប្រកាសបានធ្វើឡើងមុនការប្រកួតរបស់ពួកគេជាមួយនឹង Sevilla។
Luis Suarez បានជួយក្លឹបឲ្យឈ្នះពានមួយកាលពីឆ្នាំមុន ហើយគាត់គឺជាចំណែកមួយដ៏សំខាន់របស់ក្លឹបក្នុងការឈ្នះពានលីគកំពូលអេស្ប៉ាញនេះផងដែរ។ ប៉ុន្តែក្រោយពេលដែលមានវត្តមានរបស់ខ្សែប្រយុទ្ធជាច្រើននោះ Luis Suarez មិនសូវបានបង្ហាញសមត្ថភាពពេញលេញដូចរដូវកាលមុនឡើយ។
នៅរដូវកាលនេះ Luis Suarez ស៊ុតបញ្ចូលទីបាន 11 គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន 3 ដង ក្នុងការបង្ហាញខ្លួន 33 ប្រកួត។ ខ្សែប្រយុទ្ធវ័យ 35 ឆ្នាំរូបនេះ នឹងចាកចេញពីក្លឹបក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន ព្រោះកុងត្រារបស់គាត់បានផុតកំណត់ទៅហើយជាមួយ Atletico Madrid។
ខ្សែប្រយុទ្ធ Luis Suarez មិនទាន់ត្រូវបានគេឲ្យដឹងថា នឹងចូលរួមជាមួយក្លឹបណានៅឡើយទេ ប៉ុន្តែគាត់បានបដិសេធមិនចរចាជាមួយក្លឹបនៅលីគកំពូលអាមេរិច MLS ឡើយ ពោលគឺគាត់ចង់បន្តអាជីពជាមួយក្លឹបធំៗនៅតំបន់អ៊ឺរ៉ុបបន្តទៀត។ ក្លឹបដែលខ្សែប្រយុទ្ធនេះធ្លាប់លេងមានដូចជា Ajax, Liverpool និង Barcelona។
ដោយឡែក ខ្សែបម្រើ Hector Herrera ក៏ត្រូវបានគេរាយការណ៍ផងដែរថា ត្រៀមនឹងចាកចេញនៅរដូវក្តៅនេះផងដែរ ខណៈដែលគាត់គ្រោងនឹងចូលរួមជាមួយក្លឹប Houston Dynamo ដែលជាក្លឹបស្ថិតនៅលីគកំពូលអាមេរិច។
ប្រភព: Goal