បាល់ទាត់អន្តរជាតិ
Manchester City នឹងអនុញ្ញាតឲ្យ Ilkay Gundogan ចាកចេញ នៅពេលចប់រដូវកាល

ពត៌មានចុងក្រោយមួយបានលើកឡើងថា ក្លឹបមេឃខៀវ Manchester City នឹងអនុញ្ញាតឲ្យខ្សែបម្រើ Ilkay Gundogan ចាកចេញទៅស្វែងរកទ្រនំថ្មី នៅចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករវ័យ 31 ឆ្នាំរូបនេះបានចូលរួមជាមួយ Man City ដោយផ្ទេរមកពី Borussia Dortmund ជាមួយនឹកុងត្រារយៈពេល 4 ឆ្នាំ កាលពីឆ្នាំ 2016។ បច្ចុប្បន្នខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះ កំពុងត្រៀមឈ្នះពាន Premier League ជាលើកទី 4 ជាមួយ Man City ផងដែរ។
យ៉ាងណាមិញ Gundogan បានក្លាយជាកីឡាករបាល់ទាត់សញ្ជាតិអាឡឺម៉ង់ដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ប៉ុន្តែការបង្ហាញខ្លួនរបស់គាត់នៅរដូវកាលនេះហាក់ដូចជាមិនសូវបានច្រើន ដូចពេលមុនៗឡើយ។
កុងត្រារបស់ Gundogan នៅកីឡដ្ឋាន Etihad នឹងផុតកំណត់ក្នុងពេលដំណាលគ្នាជាមួយមិត្តរួមក្រុមរបស់គាត់គឺ Gabriel Jesus, Riyad Mahrez និង Raheem Sterling ដែរ ហើយរបាយការណ៍ពី 90min បានលើកឡើងថា Man City នឹងស្ទាក់ស្ទើរក្នុងការបន្តកុងត្រាជាមួយ Gundogan ដូច្នេះគាត់អាចនឹងចាកចេញក្នុងនាមជាកីឡាករផុតកុងត្រា។
ប្រភព: 90 Min