បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហម Manchester United ចង់ចុះហត្ថលេខាលើខ្សែការពារ Sergino Dest

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេមើលឃើញថា កំពុងចង់ចុះហត្ថលេខាលើខ្សែការពារ Sergino Dest របស់ក្លឹប Barcelona នេះបើយើងតាមរបាយការណ៍ពីគេហទំព័រ 90 min។
យ៉ាងណាមិញ កីឡាករវ័យ 21 ឆ្នាំ Sergino Dest បានចូលរួមជាមួយ Barcelona កាលពីឆ្នាំ 2020 ដោយផ្ទេរមកពី AFC Ajax។ Dest បានបង្ហាញខ្លួនជាកីឡាករ 11 នាក់ដំបូង ត្រឹមតែ 6 ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ ហើយគេជឿថា គាត់មិនត្រូវបានស្ថិតក្នុងគម្រោងដ៏យូរអង្វែងនៃផែនការរបស់លោក Xavi ឡើយ។
លើសពីនេះទៅទៀត Barcelona ថែមទាំងបានចុះហត្ថលេខានាំយកកីឡាករជើងចាស់ Dani Alves ដែលលេងក្នុងតំបន់ការពារស្ដាំដូចគ្នា ហើយគុណភាពរបស់ Sergino Dest មិនដល់ Alves ឡើយ ដែលជាទូទៅនៅក្នុងប្រកួតសំខាន់ៗ Barcelona ទុកចិត្តលើ Dani Alves ជាង។
ដោយឡែក គ្រូបង្វឹកថ្មីរបស់ក្លឹបបិសាចក្រហមលោក Erik ten Hag កំពុងពិចារណានាំយកខ្សែការពារស្តាំថ្មីម្នាក់ ដើម្បីមកជំនួស Aaron Wan-Bissaka ហើយអាចជំនួសគ្នាម្ដងម្កាលជាមួយ Diogo Dalot។ Erik ten Hag ធ្លាប់ជាអតីតគ្រូបង្វឹករបស់ Sergino Dest ហើយខ្សែការពារស្លាបរូបនេះចាប់ផ្ដើមលេចធ្លោរខ្លាំងដោយសារការបណ្ដុះបណ្ដាលរបស់ Erik ten Hag ផងដែរ។
Man United មិនមែនជាក្លឹបតែមួយទេ ដែលចំណាប់អារម្មណ៍ចង់បាន Sergino Dest ព្រោះក្លឹបមួយចំនួនដូចជា Chelsea និង Tottenham ក៏ចង់បានខ្សែការពាររូបនេះដែរ។ យ៉ាងណាក្លឹបបិសាចក្រហម ត្រូវបានគេជឿថា អាចនឹងប្រើប្រាស់លក្ខខណ្ឌខ្ចីជើង Sergino Dest មួយរដូវកាលសិន។
ប្រភព: 90 Min