បាល់ទាត់អន្តរជាតិ
Barcelona ចាប់អារម្មណ៍លើខ្សែប្រយុទ្ធជិតផុតកុងត្រា Choupo-Moting
ខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich ដែលបច្ចុប្បន្នមានវ័យ 34 ឆ្នាំ Eric Choupo-Moting កំពុងស្ថិតនៅលើរ៉ាដារបស់ក្លឹបអ្នកមានបុណ្យ Barcelona។ យោងតាម Sport.es បានរាយការណ៍ថា ក្លឹបយក្សកាតាឡាន់ Barcelona គ្រោងនឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ ពេលដែលគាត់ផុតកុងត្រា និងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននាពេលប៉ុន្មានខែខាងមុខ។
កុងត្រារបស់កីឡាករសញ្ជាតិកាមេរូន Choupo-Moting ជាមួយ Bayern Munich នឹងមានសុពលភាពរហូតដល់ចប់រដូវកាលបច្ចុប្បន្ននេះប៉ុណ្ណោះ ហើយជាមួយនឹងស្ថានភាពដែលមិនសូវមានឱកាសចូលលេងនោះ គាត់អាចសម្រេចចិត្តចាកចេញពីទឹកដីអាឡឺម៉ង់។ យោងតាមប្រភពផ្សេងទៀតបានឲ្យដឹងថា ក្រៅពី Barcelona កីឡាករឆ្នើមរូបនេះ ក៏ត្រូវបានក្លឹបមួយចំនួនមកពីក្របខ័ណ្ឌ Premier League (EPL), អ៊ីតាលី (Serie A) និងក្លឹបអារ៉ាប៊ីសាអូឌីតចង់បានផងដែរ។
ក្នុងរដូវកាលនេះ Choupo-Moting បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន 27 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានម្ដង។ យោងតាមគេហទំព័រ Transfermarkt ការប៉ាន់ប្រមាណតម្លៃទីផ្សាររបស់កីឡាករបាល់ទាត់រូបនេះគឺប្រហែលជា 3 លានអឺរ៉ូប៉ុណ្ណោះ។
ប្រភព: Telecomasia