បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Sevilla បញ្ជាក់ជាផ្លូវការណ៍ថា Anthony Martial នឹងត្រឡប់ទៅ Man United វិញ

ខ្សែប្រយុទ្ធ Anthony Martial នឹងវិលត្រឡប់ទៅកាន់ទឹកដីបិសាចក្រហម Manchester United វិញ បន្ទាប់ពីក្លឹប Sevilla បានច្រានចោលការចុះហត្ថលេខាលើគាត់ ក្រោយចំណាយពេលអស់មួយរដូវកាលក្នុងនាមជាកីឡាករខ្ចីជើង។
ខ្សែប្រយុទ្ធរូបនេះបានចូលរួមជាមួយក្រុមរបស់លោក Julen Lopetegui ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា ដើមឆ្នាំ 2022។ ប៉ុន្តែគាត់បានខកខានការប្រកួតចំនួន 6 ជាមួយក្លឹបនៅរដូវកាលនេះ ដោយសាររបួស និងបានស៊ុតបញ្ចូលទីតែមួយគ្រាប់ប៉ុណ្ណោះ ហើយថែមទាំងត្រូវបានអ្នកគាំទ្រសើចចំអកទៀតផង។
យ៉ាងណាពេលនេះ Sevilla បានបញ្ជាក់ថា ពួកគេនឹងមិនពិចារណាលើការទិញផ្ដាច់កុងត្រារបស់ Anthony Martial ឡើយ។ ប្រធានក្លឹប Sevilla លោក Castro បាននិយាយថា៖ “Anthony Martial នឹងត្រឡប់ទៅ Man United វិញ។ យើងបានចំណាយប្រាក់សំខាន់ៗរបស់យើងទៅលើគាត់ ប៉ុន្តែវាមិនបានផលទេ គាត់មានរបួស ហើយយើងនឹងមិនទិញផ្ដាច់កុងត្រារបស់គាត់ឡើយ”។
ប្រភព: Thesun