បាល់ទាត់អន្តរជាតិ
Inter Miami កំពុងចរចាផ្ទេរមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ Messi

ក្លឹប Inter Miami របស់សហរដ្ឋអាមេរិក និងជាកន្លែងដែលតារាឆ្នើម Lionel Messi លេង អាចនឹងចុះហត្ថលេខាលើកីឡាករបាល់ទាត់អាហ្សង់ទីនដ៏ល្បីល្បាញម្នាក់ទៀត នៅរដូវក្ដៅនេះ។ យោងតាមសេចក្ដីរាយការណ៍ដោយលោក Fabrizio Romano បានឲ្យដឹងថា អ្នកតំណាងរបស់ក្លឹប Inter Miami បានទាក់ទងមកកាន់ខ្សែប្រយុទ្ធស្លាប Angel Di Maria របស់ក្លឹប Benfica ដែលការទាក់ទងនោះគឺផែនការផ្ទេរដែលអាចនឹងកើតឡើងនាពេលឆាប់ៗខាងមុខ។
យ៉ាងណាក៏ដោយ ក្លឹបដែលមានទីតាំងស្ថិតនៅសហរដ្ឋអាមេរិកមួយនេះ នៅមិនទាន់មានការចរចាជាផ្លូវការនៅឡើយទេលើ Di Maria។ សម្រាប់ការផ្ទេរទៅលេងនៅ Inter Miami របស់ Di Maria ពិតជាមានភាគរយខ្ពស់ ខណៈដែលកុងត្រារបស់គាត់ជាមួយក្លឹបបច្ចុប្បន្ន Benfica នឹងផុតកំណត់នៅខែមិថុនា ឆ្នាំនេះហើយ។
កាលពីមុន Di Maria ត្រូវបានគេរំពឹងថា នឹងត្រឡប់ទៅកាន់ក្លឹប Rosario Central ដែលជាទឹកដីកំណើតរបស់គាត់វិញ ប៉ុន្តែយោងទៅតាមរបាយការណ៍ពី TyC Sports បានអះអាងថា គាត់បានផ្លាស់ប្តូរចិត្តវិញ ដោយសារតែមានការគម្រាមកំហែងសម្លាប់ពីមេគ្រឿងញៀនក្នុងតំបន់នោះ។
ប្រភព: Dailysports