បាល់ទាត់អន្តរជាតិ
រឿងរ៉ាវប្លែកៗទាំង 7 យ៉ាង ដែលអ្នកទាំងអស់គ្នាមិនធ្លាប់ដឹងពី Marco Reus
Marco Reus គឺជាកីឡាករបាល់ទាត់អាជីព ដែលគេទទួលស្គាល់ថា មានភាពប៉ិនប្រសប់ និងជំនាញបច្ចេកទេសខ្ពស់នៅលើទីលានប្រកួត។ គាត់កើតនៅថ្ងៃទី 31 ខែឧសភា ឆ្នាំ 1989 ក្នុងក្រុង Dortmund ប្រទេសអាឡឺម៉ង់។ Marco Reus លេងជាខ្សែបម្រើប្រយុទ្ធ រឺជាខ្សែប្រយុទ្ធស្លាប។
យ៉ាងណាមិញ Marco Reus ត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមមួយរូបដែលមានភាពស្មោះស្ម័គ្រជាមួយក្លឹប Borussia Dortmund បំផុត។ ប៉ុន្តែកាលពីម្សិលមិញ គាត់បានប្រកាសថា នឹងចាកចេញពីក្លឹបបច្ចុប្បន្នមួយនេះ នៅចុងបញ្ចប់នៃរដូវឆាប់ៗខាងមុខ បន្ទាប់ពីចំណាយពេល 12 ឆ្នាំជាមួយ Borussia Dortmund។ ដោយឡែកនៅថ្ងៃនេះយើងនឹងចោលភ្នែកក្រឡេកមកមើលរឿងរ៉ាវប្លែកៗទាំង 7 របស់ Marco Reus។
1. Marco Reus អាចនឹងក្លាយជាអ្នកបើកយន្តហោះ ប្រសិនបើគាត់មិនលេងបាល់ទាត់
Marco Reus មានអាជីពបាល់ទាត់ដ៏ជោគជ័យ ប៉ុន្តែកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ ធ្លាប់បានសារភាពថា ប្រសិនបើគាត់ត្រូវបានគេបង្ខំឲ្យឈប់លេងបាល់ទាត់ នោះគាត់នឹងអាចក្លាយជាអ្នកបើកយន្តហោះ។ Marco Reus ធ្លាប់បានប្រាប់និយាយកាលពីឆ្នាំ 2012 ថា៖ “ខ្ញុំចាប់អារម្មណ៍នឹងការហោះហើរតាំងពីក្មេងមកម្ល៉េះ។ កាលពីមុនខ្ញុំតែងតែចង់ក្លាយជាអ្នកបើកយន្តហោះ។ ខ្ញុំចូលចិត្តការហោះហើរតាំងពីក្មេង រហូតដល់សព្វថ្ងៃនេះ”។
2. ភាពស្មោះត្រង់ចំពោះក្លឹប
កេរដំណែលរបស់ Marco Reus ដែលលើសពីសមិទ្ធិផលដែលគាត់បានសាង គឺភាពស្មោះត្រង់ចំពោះក្លឹប Dortmund ដោយនេះបានក្លាយជាទីពេញចិត្តរបស់អ្នកគាំទ្រជាខ្លាំង។ ក្លឹបធំៗជាច្រើនបានចរចាដើម្បីចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះ ប៉ុន្តែគាត់បានសម្រេចចិត្តនៅជាមួយ Borussia Dortmund។
3. Marco Reus គឺជាអ្នកគាំទ្រតារាចម្រៀង Justin Bieber
នៅក្នុងបទសម្ភាសន៍មួយជាមួយ CQ កីឡាករ Mario Gotze ដែលជាមិត្តភក្ដិរបស់គាត់ បានបង្ហើបពីអាថ៌កំបាំងមួយរបស់ Marco Reus ថា គាត់គឺជាអ្នកគាំទ្រដ៏ងប់ងល់ម្នាក់របស់ Justin Beiber ហើយតែងតែច្រៀង រឺស្តាប់បទចម្រៀងរបស់តារាល្បីរូបនោះ។
4. ភរិយារបស់ Marco Reus គឺជាតារាម៉ូដែលដ៏ល្បី
ភរិយារបស់ខ្សែប្រយុទ្ធរូបនេះ មានឈ្មោះថា Scarlett គឺជាតារាម៉ូដែលអាជីព ជនជាតិអាឡឺម៉ង់ ហើយបានធ្វើការឲ្យក្រុមហ៊ុនធំៗជាច្រើន រួមទាំងក្រុមហ៊ុន Hyundai, Volkswagen, Drykorn និង Modeca Brautmoden ផងដែរ។ នាងមានចំណង់ចំណូលចិត្តក្នុងការជិះសេះ និងមាន Youtube Channel ផ្ទាល់ខ្លួន ដែលបង្ហោះវីដេអូហាត់ប្រាណ និង Vlog ប្រចាំថ្ងៃ។
5. Tomas Rosicky គឺជានិមិត្តិរូប (idol) របស់ Marco Reus
កីឡាករវ័យ 34 ឆ្នាំរូបនេះ ជាអ្នកគាំទ្រ និងចាត់ទុកអតីតខ្សែបម្រើក្លឹបកាំភ្លើងធំ Arsenal គឺកីឡាករ Tomas Rosicky ជានិមិត្តរូបរបស់ខ្លួន។ យ៉ាងណា Tomas Rosicky ក៏ធ្លាប់បានលេងរយៈពេល 6 រដូវកាលនៅ Borussia Dortmund ផងដែរ ចន្លោះឆ្នាំ 2001 ដល់ 2006។
6. ស្រឡាញ់ការសាក់
មិនខុសពីតារាបាល់ទាត់ល្បីៗនៅជុំវិញពិភពលោក Marco Reus មានស្នាមសាក់ ស្ទើរតែពេញខ្លួនប្រាណរបស់គាត់ ដោយមានសរសេរឈ្មោះកូនៗរបស់គាត់, ព្រះយេស៊ូវគ្រីស្ទ, រូបសត្វតោ និងផ្កាជាដើម។
7. Marco Reus ដាក់ឈ្មោះតាមវីរបុរសបាល់ទាត់ហូឡង់ Marco van Basten
ឪពុកម្តាយរបស់ Marco Reus បានដាក់ឈ្មោះគាត់តាមកីឡាករបាល់ទាត់ហូឡង់ដ៏ល្បីគឺ Marco van Basten។ តាមពិតឪពុកម្តាយរបស់គាត់បានត្រៀមចង់ដាក់ឈ្មោះគាត់ថា “Dennis” នៅពេលដែលម្តាយរបស់គាត់កំពុងពរពោះ ប៉ុន្តែបន្ទាប់ពី Van Basten បានស៊ុតបញ្ចូលទីដ៏អស្ចារ្យ ក្នុងការប្រកួតទល់នឹងសហភាពសូវៀត នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ឆ្នាំ 1988 នៅទីក្រុង Munich ពួកគេបានសម្រេចចិត្តដាក់ឈ្មោះគាត់ថា Marco ជំនួសវិញ។
ប្រភព: GOAL