បាល់ទាត់អន្តរជាតិ
Napoli ចាប់អារម្មណ៍លើខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់បិសាចក្រហម
ក្លឹប Napoli ត្រូវបានគេរំពឹងថា នឹងលូកដៃចូលក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ ដើម្បីធ្វើការប្រកួតប្រជែងជាមួយ Juventus និង Atletico Madrid សម្រាប់ការព្យាយាមចុះហត្ថលេខាលើ Mason Greenwood ដែលជាកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United។
ក្រុមធំៗជាច្រើនកំពុងតាមដានកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ដែលមានទម្រង់លេងគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីគាត់បានខ្ចីជើងពេញមួយរដូវកាលនៅ Getafe។ រដូវកាលនេះគាត់ស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 6 ដង ពីការបង្ហាញខ្លួន 31 ប្រកួតនៅ La Liga។
ក្លឹប Getafe មានក្ដីសង្ឃឹមថា នឹងអាចខ្ចីជើង Mason Greenwood បានមួយរដូវកាលទៀត ប៉ុន្តែប្រសិនបើក្លឹបណាហ៊ានឲ្យតម្លៃខ្លួនគេខ្ពស់តាមការរំពឹងទុក នោះបិសាចក្រហមនឹងលក់គេចេញ ដែលជាជម្រើសដំបូងប្រសើរជាងការដាក់គេឲ្យខ្ចីជើងបន្តនៅរដូវកាលក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ យើងមិនទាន់ដឹងច្បាស់ទេថា ដំណើរអាជីពបាល់ទាត់របស់ Greenwood នឹងទៅជាបែបណានៅរដូវក្ដៅនេះ។ ដោយឡែកយោងតាមរបាយការណ៍ចុងក្រោយមួយដែលបានចុះផ្សាយដោយ Corriere Dello Sport បានរាយការណ៍ថា Greenwood អាចនឹងត្រូវបានទិញដោយក្លឹបអ៊ីតាលី Napoli។ ក្លឹប Napoli បានមើលឃើញពីភាពប៉ិនប្រសប់របស់កីឡាករវ័យ 22 ឆ្នាំរូបនេះ ដែលមានជំនាញទាំងជើងឆ្វេង និងស្ដាំ ហើយជាប្រភេទខ្សែប្រយុទ្ធដែលពួកគេកំពុងស្វែងរក។
ប្រភព: Khelnow