បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹបបិសាចក្រហមបញ្ជាក់ពីការចាកចេញរបស់ Juan Mata

កាលពីប៉ុន្មានម៉ោងមុននេះ ក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ថា ខ្សែបម្រើ Juan Mata នឹងចាកចេញពីទឹកដី Old Trafford នៅពេលដែលកុងត្រារបស់គាត់ផុតកំណត់នៅចុងខែនេះ។
ដោយឡែកខ្សែបម្រើចាស់វស្ស Juan Mata បានចូលរួមជាមួយក្លឹបបិសាចក្រហមដោយផ្ទេរពីក្លឹបតោខៀវ Chelsea តាំងពីខែមករា ឆ្នាំ 2014 ហើយបានចាប់ផ្តើមអាជីពដ៏ជោគជ័យ ក្នុងនាមជាកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United។
នៅចុងបញ្ចប់នៃរដូវកាលឆ្នាំ 2015/16 គាត់បានស៊ុតបញ្ចូលទីតាមស្មើយ៉ាងសំខាន់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Crystal Palace ដែលធ្វើឲ្យការប្រកួតឈានដល់ម៉ោងបន្ថែម។ ក្នុងអំឡុងពេលម៉ោងបន្ថែមនោះ Jesse Lingard បានស៊ុតបញ្ចូលទីយកជ័យជម្នះដ៏អស្ចារ្យ។
ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ មិនសូវបានបង្ហាញខ្លួន និងហាក់ដូចជាលែងជាផ្នែកមួយរបស់ក្លឹបហើយ។ គាត់នៅសល់តែអ្នកគាំទ្រដែលស្រឡាញ់គាត់ ប៉ុន្តែមិនត្រូវបានគ្រូបង្វឹកប្រើប្រាស់នៅក្នុងការប្រកួតសំខាន់ៗ។
ប្រភព: 90 Min