បាល់ទាត់អន្តរជាតិ
ក្លឹបជាច្រើនកំពុងតម្រង់ជួរគ្នាដើម្បីរងចាំការដេញថ្លៃលើ Xavi Simons

យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ក្លឹប Bayern Munich, Manchester United និង Arsenal កំពុងត្រៀមសាកសួរតម្លៃរបស់ខ្សែប្រយុទ្ធ Paris Saint-Germain គឺកីឡាករ Xavi Simons។ បច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះ គឺជាកីឡាករដ៏លេចធ្លោរ និងត្រូវបានក្លឹបផ្សេងៗចង់បានបំផុត។
កាលពីរដូវកាលមុន Xavi Simons បានទទួលជោគជ័យក្នុងការខ្ចីជើងទៅកាន់ក្លឹប RB Leipzig ដោយកីឡាករសញ្ជាតិហូឡង់រូបនេះបានស៊ុតបញ្ចូលទីបាន 10 គ្រាប់ និង Assists បានចំនួន 13 ដង ក្នុងការបង្ហាញខ្លួន 43 ប្រកួត។ បន្ទាប់ពីចប់ការប្រកួតនៅ Euro 2024 កីឡាករឆ្នើមរូបនេះគ្រោងនឹងត្រឡប់ទៅ PSG វិញ ព្រោះជាក្លឹបដែលគាត់មានកុងត្រាជាមួយរហូតដល់ខែមិថុនា ឆ្នាំ 2027។
ទោះជាយ៉ាងណាក៏ដោយ ការវិលត្រឡប់នេះគឺក្នុងករណីដែលគាត់មិនត្រូវបានក្លឹបណាមួយទិញបានសម្រេចប៉ុណ្ណោះ។ យោងតាមរបាយការណ៍ពី Bild បានបញ្ជាក់ថា Bayern Munich កំពុងពិចារណាលើការចំណាយប្រហែល 100 លានអឺរ៉ូ (84.4 លានផោន) ដើម្បីទិញផ្ដាច់កុងត្រា Xavi Simons ពី PSG។
ប្រភព: Sportsmole