Connect with us

បាល់ទាត់អន្តរជាតិ

រឿង​រ៉ាវ​ប្លែកៗ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មួយ​ចំនួន​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី Jack Grealish

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប Jack Grealish កើត​នៅ​ថ្ងៃទី 10 ខែ​កញ្ញា ឆ្នាំ 1995 នៅ​ទីក្រុង Birmingham ប្រទេស​អង់គ្លេស គឺ​ជា​បុគ្គល​លេច​ធ្លោរ​ម្នាក់​នៅ​ក្នុង​ពិភព​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន។ ក្នុង​នាម​ជា​ខ្សែបម្រើ​ប្រយុទ្ធ រឺ​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប Jack Grealish ទទួល​បាន​កេរ្តិ៍ឈ្មោះជា​ពិសេស ដោយសារ​ទម្រង់​លេង​ដ៏​ល្អ, ភាព​បត់បែន និង​ការ​ច្នៃប្រឌិត​នៅលើ​ទីលាន​ប្រកួត។

បន្ថែម​លើស​ពី​ទេពកោលស្យ​នៅ​ក្នុង​កីឡា​បាល់ទាត់ Jack Grealish មាន​ការ​ពិត​ប្លែកៗ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំនួន 8 ដែល​យើង​ទាំង​អស់​គ្នា​គួរ​ដឹង។

1. មាន​ដើម​កំណើត​ជា​ជនជាតិ​អៀរឡង់

តារា​ឆ្នើម Jack Grealish មាន​ដើម​កំណើត​អៀរឡង់ តាមរយៈ​ជីតា​ខាង​ម្តាយ​របស់​គាត់។ ដោយ​សារ​តែ​បែប​នេះ​ហើយ ខ្សែ​ប្រយុទ្ធ​រូប​នេះ ក៏​មាន​សិទ្ធិ​អាច​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​នៃ​សាធារណរដ្ឋ​អៀរឡង់​​បាន​ផង​ដែរ ប្រសិន​បើ​គាត់ចង់។

2. មាន​ខ្សែ​ស្រឡាយ ជា​គ្រួសារ​ដែល​ស្រឡាញ់​បាល់ទាត់

Jack Grealish មិនមែន​ជា​កីឡាករ​បាល់ទាត់​តែ​ម្នាក់​គត់ ក្នុង​គ្រួសារ​របស់​គាត់​ទេ។ ជីតា​របស់​គាត់​គឺ​លោក Billy Garraty ក៏​ជា​កីឡាករ​បាល់ទាត់​ដែរ និង​ថែម​ទាំង​ធ្លាប់​បាន​ឈ្នះពាន​ជាមួយ​ប្រទេស​អង់គ្លេស និង​លើក​ពាន FA Cup ឆ្នាំ 1905 ជាមួយ Aston Villa ទៀត​ផង។

3. ជា​កីឡាករ​អង់គ្លេស ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ

ទម្រង់​លេង​របស់ Jack Grealish ជាមួយ​អតីត​ក្លឹប​ចាស់ Aston Villa បាន​ធ្វើ​ក្លឹប​ជា​ច្រើនចាប់​អារម្មណ៍​ចង់​បាន​គាត់។ យ៉ាង​ណា​នៅ​ឆ្នាំ 2021 កីឡាករ​វ័យ 29 ឆ្នាំ​រូប​នេះ បាន​សម្រេច​ចិត្ត​ចុះហត្ថលេខា​ជាមួយ Manchester City ក្នុង​កិច្ច​ព្រមព្រៀង​ផ្ទេរ​តម្លៃ 100 លានផោន ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​សញ្ជាតិ​អង់គ្លេស​ដែល​មាន​តម្លៃ​ថ្លៃ​លំដាប់​ទី 4 បន្ទាប់​ពី Harry Kane។

4. ជា​អ្នក​គាំទ្រ​របស់ De Bruyne

បន្ទាប់​ពី​ផ្លាស់​ទៅ​លេង​ឲ្យ Man City ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កីឡាករ​ដែល​គាត់​ធ្លាប់​បាន​កោតសរសើរ​យ៉ាង​ខ្លាំង។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ ក្នុង​ខែ​មីនា ឆ្នាំ 2021 Jack Grealish ធ្លាប់​បង្ហើប​ថា គាត់​គឺ​ជា​អ្នកគាំទ្រ​របស់ Kevin De Bruyne។

5. ពាក់​ស្រោម​ជើង​ខ្លី

ការ​ពាក់​ស្រោម​ជើង​ខ្លី​ចុះ​ក្រោយ បាន​ក្លាយ​ទម្លាប់ និង​ជា​អត្តសញ្ញាណ​មួយ​របស់ Jack Grealish ចាប់​តាំង​ពី​ពេល​ដែល​​គាត់​ចាប់​ផ្ដើម​អាជីព​នៅ Premier League។ គាត់​ធ្លាប់​បាន​និយាយ​ឲ្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​ទម្លាប់​ពាក់​ស្រោម​ជើង​បែប​នោះ​ថា៖ “នៅ​ពេល​ខ្ញុំ​មាន​អាយុ 15 ឆ្នាំ ខ្ញុំ​បាន​លេង​ឲ្យ​ក្រុម​ឈុត U-18 ហើយ​នៅ​ឆ្នាំ​នោះ ក្រុម​ពួក​យើង​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Macron តែ​ស្រោម​ជើង​មាន​ការ​ខ្វះខាត។ ខ្ញុំ​​មិន​មែន​ជា​កីឡាករ​នៃ​ជម្រើស​សំខាន់​​ឡើយ ដូច្នេះ​​​មិន​អាច​សុំ​ស្រោម​ជើង​ថ្មី​រាល់​ថ្ងៃ​បាន​ទេ ដូច្នេះ​ខ្ញុំ​បាន​បន្ត​ពាក់​វា​ដោយ​យារ ហើយ​មូរ​ចុះ​ក្រោម​តែ​ម្ដង”។

6. ជា​អ្នកគាំទ្រ Elvis និង Queen

Jack Grealish ចូល​ចិត្ត​ស្តាប់​តន្ត្រី និង​ចូលចិត្ត​តន្ត្រី​តាំង​ពី​យូរ​មក​ហើយ។ គាត់​មាន​សិល្បករ​សំណព្វ​ចិត្ត 2 រូប​គឺ Elvis និង Queen។

7. ជឿ​លើ​រឿង​អបិយ​ជំនឿ

កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​តំបន់ Birmingham រូប​នេះ ហាក់​មាន​អបិយ​ជំនឿ​ខ្ពស់។ នៅ​ឆ្នាំ 2019 គាត់​បាន​ជួយ​ឲ្យ Aston Villa ឡើង​មក​លេង​នៅ​ក្របខណ្ឌ​កំពូល (Premier League) វិញ ដោយ​បន្ត​ពាក់​ស្បែក​ជើង​ដែល​រហែក​របស់​គាត់ ដោយ​សារ​តែ​គាត់​មាន​អារម្មណ៍​ថា វា​នាំ​សំណាង​មក​ឲ្យ​​គាត់។

8. Jack Grealish បំពាន​ច្បាប់​ជា​ច្រើន​ដង

ក្រៅ​ពី​គុណភាព​ដ៏​ល្អ​របស់​គេ​នៅ​លើ​ទីលាន Jack Grealish បាន​សាង​រឿង​មិន​ល្អ​មួយ​ចំនួន។ នៅ​ខែ​មីនាឆ្នាំ 2020 គាត់​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​បំពាន​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ឃុំ​ខ្លួន​ឯង​នៅ​ក្នុង​ផ្ទះ​ដើម្បី​ការពារ​រោគ​ឆ្លង COVID-19។ បន្ត​ក្រោយ​មក​ទៀត Jack Grealish ក៏​ធ្លាប់​ត្រូវ​បាន​ប៉ូលីស​ឃាត់​ប៉ុន្មាន​ដង​ផង​ដែរ ពី​ការ​បំពាន​ច្បាប់​ចរាចរណ៍ និង​បើក​បរ​ក្នុង​ពេល​ស្រវឹង។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២