បាល់ទាត់អន្តរជាតិ
Messi សារភាពថា ខ្លួនបានរៀនសូត្រពីវិធីសាស្ត្រនៃការប្រកួតយ៉ាងច្រើន ពីគ្រូបង្វឹកឆ្នើមរូបនេះ!!!
កីឡាករឆ្នើម Lionel Messi ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប Inter Miami បានរំលឹកពីការលេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Pep Guardiola នៅក្លឹប Barcelona។ កីឡាករអាហ្សង់ទីនវ័យ 37 ឆ្នាំរូបនេះ គឺខ្សែប្រយុទ្ធដែលប្រសូត្រចេញពីយុវជន La Masia ដោយបានលេងឲ្យ Barcelona ពីឆ្នាំ 2003 ដល់ឆ្នាំ 2021។
Lionel Messi ជាកីឡាករដែលស្រឡាញ់ក្លឹប Barcelona បំផុត ហើយក្នុងអំឡុងពេលលេងឲ្យក្លឹបកាតាឡាន់ជិត 20 ឆ្នាំកន្លងមក គាត់ធ្លាប់បានឈ្នះពានជើងឯកលីគកំពូលអេស្ប៉ាញចំនួន 10 ដង, Copa del Rey 7 ដង និងឈ្នះពាន UEFA Champions League 4 ដងផងដែរ។
ដោយឡែកសម្រាប់លោក Pep Guardiola ក៏ជាគ្រូបង្វឹកសំណព្វចិត្តរបស់ Messi ដែរ ដោយអ្នកទាំងពីធ្លាប់ធ្វើការជាមួយគ្នាចន្លោះពីឆ្នាំ 2007 ដល់ឆ្នាំ 2012។ លោក Pep Guardiola បានដឹកនាំ Barcelona ឲ្យឈ្នះពាន La Liga ចំនួន 3 ដង និងឈ្នះពាន UEFA Champions League ចំនួន 2។
យោងតាមសម្ដីរបស់ Messi ដែលដកស្រង់ដោយ AS បានលើកឡើងថា៖ “ខ្ញុំមិនសូវយកចិត្តទុកដាក់លើកលល្បិចនៃការលេងប៉ុន្មានទេ ប៉ុន្តែជាមួយ Pep Guardiola ខ្ញុំជឿថា ខ្ញុំពិតជារៀនសូត្របានច្រើន។ គាត់បានបង្រៀនខ្ញុំអំពីយុទ្ធសាស្ត្រ, ការស្វែងរកចន្លោះប្រហោង និងការគ្រប់គ្រងបាល់”។
ប្រភព: Telecomasia