Connect with us

បាល់ទាត់អន្តរជាតិ

អេស្ប៉ាញ ទម្លាក់​ម្ចាស់​ផ្ទះ អាឡឺម៉ង់ ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត

Published

on

ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់​ដែល​ជា​ម្ចាស់​ផ្ទះ​រៀប​ចំការ​ប្រកួត Euro 2024 បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​នេះ​ហើយ កាល​ពី​យប់​មិញ ដោយ​រង​បរាជ័យ​ក្នុង​លទ្ធផល 2-1 ក្រោម​ស្នាដៃ​ក្រុម​​គោជល់​អេស្ប៉ាញ ក្នុង​វគ្គ 8 ក្រុម​ចុង​ក្រោយ​។ យ៉ាង​ណា​មិញ ការ​ប្រកួត​រវាង​ក្រុម​ទាំង 2 បាន​អូស​បន្លាយ​ពេល​រហូត​ដល់​ម៉ោង​បន្ថែម 30 នាទី ទើប​រក​អ្នក​ឈ្នះ​ឃើញ។

បន្ទាប់​ពី​ការ​ប្រកួត​ដ៏​ស្វិតស្វាញ ដោយ​គ្មាន​គ្រាប់បាល់​ស៊ុត​បញ្ចូលទី​នៅ​តង់ទី 1 អេស្ប៉ាញ​បាន​រក​ចន្លោះ​ប្រហោង​ឃើញ និង​មាន​ឱកាស​នាំ​មុខ​មុន 1-0 នៅ​ដើម​តង់​ទី 2 ដែល​ជា​ការ​ស៊ុត​បញ្ចូលទី​របស់​ខ្សែបម្រើ​ប្រយុទ្ធ Dani Olmo និង​ជា​ការ​សហការ​បញ្ជូន​ពី​មិត្ត​រួម​ក្រុម​របស់​គេ​គឺ Lamine Yamal។

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ការ​ព្យាយាម​ជា​ច្រើន​លើក​ច្រើន​សារ​ពី​សំណាក់​អាឡឺម៉ង់ បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ឱកាស​តាម​ស្មើ​បាន​វិញ​នៅ​ចុង​ម៉ោង​នាទីទី 89 ដែល​ជា​ការ​ស៊ុត​បញ្ចូលទី​របស់​កីឡាករ​ឆ្នើម Florian Wirtz។ គ្រប់​យ៉ាង​បាន​បន្ត​ដោយ​ការ​ថែម​ម៉ោង 15 នាទី 2 ដង ប៉ុន្តែ​រឿង​ដ៏​អស្ចារ្យ​មួយ​បាន​កើត​ឡើង​ដោយ​នៅ​នាទីទី 119 ខ្សែបម្រើ Mikel Merino បាន​លោត​សំកាំង​តែត​យ៉ាង​ល្អ ដើម្បី​ជួយ​ឲ្យ​អេស្ប៉ាញ​ទទួល​ជ័យ​ជំនះ ដោយ​លទ្ធផល 2 ទល់​នឹង 1។ ដោយ​ឡែក​នៅ​វគ្គ​បន្ទាប់ អេស្ប៉ាញ នឹង​ត្រូវ​ជួប​ជាមួយ​បារាំង ដែល​ជា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២