បាល់ទាត់អន្តរជាតិ
នេះជារឿងរ៉ាវនៅពីក្រោយរូបថតដែល Messi បានងូតទឹកឲ្យ Lamine Yamal កាលពីជាង 10 ឆ្នាំមុន

តារាឆ្នើម Lionel Messi នឹងនៅតែជាកីឡាកររបស់ Barcelona ដែលអ្នកគាំទ្រស្រឡាញ់ និងចងចាំជារៀងរហូត។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នកីឡាករអាហ្សង់ទីនរូបនេះកំពុងចំណាយពេលចុងក្រោយនៃអាជីពរបស់ខ្លួនជាមួយក្លឹប Inter Miami ខណៈដែលក្លឹបកាតាឡាន់ Barcelona កំពុងបណ្ដុះបណ្ដាលកីឡាករក្មេងៗដែលមានទេពកោសល្យជាបន្តបន្ទាប់។
កីឡាករវ័យក្មេងដែលប្រសូត្រចេញពីថ្នាលយុវជនដែលកំពុងលេចធ្លោរខ្លាំងនោះគឺ Lamine Yamal ដោយនៅត្រឹមអាយុ 16 ឆ្នាំប៉ុណ្ណោះ គាត់បានក្លាយជាកីឡាករឈុតធំរបស់ Barcelona និងកំពុងបង្ហាញទម្រង់លេងដ៏ល្អ សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ។ កាលពីម្សិលមិញអេស្ប៉ាញ បានទម្លាក់ម្ចាស់ផ្ទះ អាឡឺម៉ង់ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ហើយ Lamine Yamal គឺជាចំណែកមួយដ៏សំខាន់នៃភាពជោគជ័យនោះ។
ទោះបីជា Messi និង Lamine Yamal មិនដែលលេងជាមួយគ្នាក៏ដោយ តែរឿងរ៉ាវដ៏អស្ចារ្យមួយរវាងអ្នកទាំង 2 ពិតជានឹកស្មានមិនដល់។ រំលឹកទៅក្នុងឆ្នាំ 2007 ដោយសារកិច្ចសហការរវាង Barcelona និងការឧបត្ថម្ភពីយូនីសេហ្វ ពេលនោះកីឡាកររបស់ក្លឹបកាតាឡាន់បានជួបសំណេះសំណាល និងបានថតរូបជាមួយក្មេងៗដែលគាំទ្រដោយអង្គការសប្បុរសធម៌។
ឪពុករបស់ Lamine Yamal នៅពេលនោះបានថតរូប Messi កំពុងឱបកូនប្រុសរបស់ខ្លួន។ បន្ថែមពីនេះ ក៏មានរូបថត Messi ងូតទឹកឲ្យ Lamine Yamal នៅអាយុ 4 ខែផងដែរ។ អ្នកថតរូបឲ្យពួកគេគឺលោក Joan Monfort។ អាចថាជារឿងចៃដន្យ រឺកំណត់ព្រេងវាសនាដែលនឹកស្មានមិនដល់ ខណៈដែលពេល Lamine Yamal ធំឡើង គេជាអ្នកគាំទ្រដ៏ងប់ងល់របស់ Messi និងចាត់ទុក Messi ជានិមិត្តរូបរបស់ខ្លួនថែមទៀតផង។
ប្រភព: Dailysports