Connect with us

បាល់ទាត់អន្តរជាតិ

Toni Kroos សុំទោស​ជា​សាធារណៈ​ចំពោះ​ការ​ធ្វើ​ឲ្យ Pedri រង​របួស

Published

on

ខ្សែបម្រើ​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona វ័យ 21 ឆ្នាំ Pedri បាន​រងរបួស​ជង្គង់​អំឡុង​ពេល​ប្រកួត​វគ្គ 8 ក្រុម​ចុងក្រោយ​ទល់​នឹង​ម្ចាស់​ផ្ទះ​អាឡឺម៉ង់ ក្នុង​ព្រឹត្តិការណ៍ Euro 2024 ដោយ​សារ​ការ​ប៉ះទង្គិច​យ៉ាង​ធ្ងន់ធ្ងរ​ជាមួយ Toni Kroos។ ការ​ពិនិត្យស្ថានភាព​របួស​​នៅ​ព្រឹក​នេះ​បាន​បង្ហាញ​ថា Pedri បាន​ដាច់​សរសៃ​ជង្គង់​ឆ្វេង​របស់​គាត់ ដែល​ត្រូវ​ការ​ពេល​សម្រាក​ពី​លើ​ទីលាន 4 ទៅ 6 សប្តាហ៍។

ទោះ​បី​ជា​មាន​បញ្ហា​របួស​ក៏​ដោយ Pedri នឹង​នៅ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​របស់​គាត់​រហូត​ដល់​ចប់​បេសកកម្ម Euro 2024 ដើម្បី​គាំទ្រ​មិត្ត​រួម​ក្រុម​របស់​គាត់​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​នឹង​បារាំង ដែល​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ។ Pedri នឹង​មិន​អាច​ចូល​ប្រកួត​បាន​យ៉ាង​ហោច​ណាស់​រហូត​ដល់​ដើម​រដូវកាល​ក្រោយ ខណៈ​ដែល​គាត់​ត្រូវ​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ពេញ​លេញ​វិញ។

បន្ទាប់​ពី​ការ​ប្រកួត Toni Kroos បាន​សុំទោស Pedri សម្រាប់​ឧប្បត្តិហេតុ​ដែល​នាំ​ឲ្យ​មាន​របួស​ទៅ​លើ​ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ដោយ​ជូនពរ​គេ​ឲ្យ​ជា​សះស្បើយ​បាន​ឆាប់​រហ័ស និងមាន​អាជីព​បាល់ទាត់​កាន់​តែ​លេច​ធ្លោរ​នា​ពេល​អនាគត។ Toni Kroos បាន​សរសេរ​នៅ​ក្នុង​សារ​លិខិត​របស់​គាត់​ថា៖ “សម្រាប់​ខ្ញុំ វា​ជា​រឿងសំខាន់​ដែល​ត្រូវ​និយាយ! សុំទោស និង​សូម​ឲ្យ​ឆាប់​ជា​សះស្បើយ Pedri! តាម​ធម្មជាតិ​របស់​ខ្ញុំ ខ្ញុំ​មិន​ដែល​​មាន​បំណង​ធ្វើ​បាប​អ្នក​ទេ។ សូម​ឆាប់​ជា​ពី​របួស និង​មាន​អាជីព​បាល់ទាត់​ដ៏​ល្អ​បំផុត។ អ្នក គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់”។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២